ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស) នៃក្រសួងសុខាភិបាល បានរៀបចំពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលទើបនឹងជ្រើសរើសថ្មី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ចំនួន ៥៨៤នាក់។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយលោកជំទាវ ដាំ ដារីនី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្ដម លេង ផាលី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី ឯកឧត្ដម សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី លោក លោកស្រី និងប្អូនៗ សមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តសរុបចំនួន ៦៣២នាក់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងកោតសរសើរ ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ព្រមទាំងសូមស្វាគមន៍ប្អូនៗដែលជាសមាជិកទើបនឹងជ្រើសរើសថ្មី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នាពេលនេះ ហើយនិងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានការរីកធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ ដែលបានខិតខំលះបង់កំលាំងកាយចិត្ត និងពេលវេលា ដើម្បីបុព្វហេតុ និងបេសកកម្មមនុស្សធម៌ និងកិច្ចការងារសង្គមនានា ជាពិសេសគឺការចូលរួមចំណែក ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋកម្ពុជា។ហើយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានពាក់អាវ «មោទនភាពជាតិខ្មែរ» ដែលរំឮកដល់ព្រឹត្តិការណ៍ ដំណើរថ្មើរជើងដើម្បីបង្ហាញការរួបរួមគ្នាជាធ្លុងមួយបង្ហាញគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងនៅជួរមុខរបស់យើង (Solidarity March)។ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី ប្រមាណ ២០ម៉ឺននាក់ បានមកជួបជុំគ្នា នៅកន្លែងតែមួយ ក្នុងពេលតែមួយ បង្ហាញសម្លេងតែមួយ គឺការគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខនៅតាមបន្ទាត់ព្រំដែន។ បន្ទាប់មកទៀត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សូមលើកទឹកចិត្ត និងអំពាវនាវដល់កូនខ្មែរគ្រប់រូប ចូលរួមកម្មវិធី «តស់!យើងរួមគ្នាច្រៀងចម្រៀងជាតិ ដើម្បីគាំទ្រដល់វីរកងទ័ពជួរមុខ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ការបង្ហាញការគាំទ្រតាមរយៈការមកជួបជុំគ្នាច្រៀងចម្រៀងជាតិ ដែលមានបទ «នគររាជ» បទ «ពង្សាវតារខ្មែរ» បទ «សុវណ្ណភូមិដីខ្មែរ» និងបទ «គន់មើលទៅមេឃ» ដែលជាបទរបស់កងទ័ព គឺជាការបង្ហាញនូវស្មារតី ឆន្ទៈ និងទឹកចិត្តដ៏មោះមុតដែលបង្ហាញពីកម្លាំងគាំទ្រជាបន្តបន្ទាប់ទៅកាន់បងៗកងកម្លាំងជួរមុខ។ វត្តមានរបស់យើងម្នាក់ៗ នៅថ្ងៃទី១៩ ខែកក្កដាខាងមុខ គឺជាកាយវិការស្នេហាជាតិមួយ ក្នុងនាមជាពលរដ្ឋដែលយើងអាចធ្វើបានក្នុងកាលៈទេសៈនេះ។ យើងទាំងអស់គ្នា សូមសម្តែងនូវការដឹងគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាអគ្គមគ្គទេសក៍ដ៏ឆ្នើម ក្នុងការការពារអធិបតេយ្យ បូរណភាពដែនដី កិត្យានុភាពជាតិ និងដែលតែងតែផ្តល់ភាពកក់ក្តៅ និងសេចក្តីសុខសាន្តដល់ប្រជាជនខ្មែរគ្រប់រូប។ យើងគ្រប់ៗរូប បេ្តជ្ញាបន្តជឿជាក់ និងចូលរួមគ្រប់កាលៈទេសៈទាំងអស់ជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតក្នុងបុព្វហេតុជាតិមាតុភូមិ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងទៀតថា ក្នុងនាមជាផ្នែកមួយ នៃក្រុមគ្រួសារស.ស.យ.ក. ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានចូលរួមចំណែកក្នុងចលនារួមរបស់សង្គមជាតិ ក្នុងការទប់ស្កាត់ និងឈានឆ្ពោះទៅបញ្ចប់ការ រីករាលដាលនៃជំងឺកូវីដ-១៩ ដោយរួបរួមជាមួយសកម្មភាពសង្គមរបស់ស.ស.យ.ក.បន្ថែមទៀត។ តាមរយៈការលះបង់នេះ បានសរបញ្ជាក់ពីស្មារតី ២ ធ្នូ ដោយសមាជិក សមាជិកា ស.ស.យ.ក. សមាជិក សមាជិកា ក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី មកពីគ្រប់ប្រភព មានតួនាទី និងមុខងារផ្សេងៗ មករួមគ្នា ដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនដោយឡែក មកធ្វើការងារជាក្រុម ដើម្បីសម្រេចគោលដៅរួមមួយសម្រាប់ប្រទេសជាតិ និងផ្តល់ជាគំរូដល់សង្គមជាតិ។ការចូលរួមសកម្មភាពបម្រើសង្គម រៀនសូត្របន្ថែមនៅមូលដ្ឋានជាក់ស្តែង និងចូលរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាជន ដែលស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ។
ទន្ទឹមគ្នានោះដែរ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងជាអនុប្រធានប្រតិបត្តិ ទទួលបន្ទុកជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស័្មគ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងជាសមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា មន្រ្តី បុគ្គលិក និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ចំនួន ២.៩៤៨នាក់ បានចូលរួមដោយស្ម័គ្រចិត្តជាសមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងបានចូលរួមចំណែកផ្តល់សេវាអប់រំ ថែទាំ ព្យាបាលសុខភាព ដោយឥតគិតថ្លៃចំនួន ២០លើក ដោយមានប្រជាពលរដ្ឋមកទទួលសេវាសរុបចំនួន ១៥៦ ៩១៥ នាក់(ដប់ប្រាំម៉ឺនប្រាំមួយពាន់ប្រាំបួនរយដប់ប្រាំនាក់)។ ក្នុងរយៈពេល ១៣ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ១៧ កក្កដា ឆ្នាំ២០២៥) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានសមាជិក សមាជិកា ចំនួន២៧០០០នាក់ (ពីរម៉ឺន ប្រាំពីរពាន់ នាក់) ក្នុងនោះស្ត្រីមានចំនួន ១៨៦៣០នាក់ (មួយម៉ឺន ប្រាំបីពាន់ ប្រាំមួយរយ សាមសិបនាក់) ដែលមាន២៨សាខា (ក្នុងនោះមានចំនួន ២៥ រាជធានី-ខេត្ត សាខា និងសាកលវិទ្យាល័យ ចំនួន៣សាខា) បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋផ្តល់សេវា ដោយឥតគិតថ្លៃបានចំនួន២១៨៩លើក មានប្រជាពលរដ្ឋចូលរួមចំនួន១៣.៣៣៨.៦៥៣នាក់ (ដប់បីលាន សាមសិបបីម៉ឺន ប្រាំបីពាន់ប្រាំមួយរយបីនាក់) ក្នុងនោះស្ត្រីមានចំនួន ៦.៨៤៥.៧៧៤នាក់ (ប្រាំមួយលាន ប៉ែតសិបបួនម៉ឺន ប្រាំពាន់ប្រាំពីររយចិតសិបបួន នាក់) គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ច្រើនជាង៣ ភាគ៤ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ១៧.៥៧៧.៧៦០នាក់ (ដប់ប្រាំពីរលាន ហាសិបប្រាំពីរម៉ឺន ប្រាំពីរពាន់ ប្រាំពីររយ ហុកសិប នាក់) ធៀបនឹងឆ្នាំ២០២៥ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់ ៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៦៦៦.៩៣២.៦៥០ដុល្លារ (ប្រាំមួយរយហុកសិបប្រាំមួយលាន កៅសិបបីម៉ឺនពីរពាន់ប្រាំមួយរយហាសិបដុល្លារសហរដ្ឋអាមេរិក)។ ក្នុងពេលកន្លងមកនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៤,៦០១នាក់ បានចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១១,៩១១,២០៣ដូស (ដប់មួយលានកៅសិបមួយម៉ឺនមួយពាន់ពីររយបីដូស) ក្នុង២៥រាជធានី-ខេត្ត។ ទទួលបានការពិនិត្យ ព្យាបាល និងចែកថ្នាំជូនដោយឥតគិតថ្លៃពី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដោយមានកិច្ចសហការជាមួយ សាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់៕
អត្ថបទ រដ្ឋា



































