មនុស្សជាង ១២០នាក់ បានស្លាប់នៅក្នុងប្រទេសប៉ាគីស្ថាន ដោយសារឧបទ្ទេវហេតុពាក់ព័ន្ធនឹងអាកាសធាតុ ក្នុងរយៈពេល ៣សប្តាហ៍កន្លងមកនេះ ស្របពេលដែលប្រទេសមួយនេះ ប្រឈមនឹងការចាប់ផ្តើមរដូវវស្សា ។
មនុស្សយ៉ាងហោចណាស់ ២៨នាក់ បានស្លាប់កាលពីថ្ងៃពុធ ដោយសារភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្ត Punjab ប្រទេសប៉ាគីស្ថាន ក្នុងពេលមានការព្រមានអំពីអាកាសធាតុកាន់តែអាក្រក់សម្រាប់ប្រទេសនៅអាស៊ីខាងត្បូងមួយនេះ ។
លោក Farooq Ahmad អ្នកនាំពាក្យមន្ទីរសង្គ្រោះបន្ទាន់ខេត្ត បាននិយាយថា ការស្លាប់គឺបណ្តាលមកពីការបាក់ដំបូលផ្ទះ ជាពិសេសនៅតំបន់ជនបទក្នុងខេត្ត Punjab ។ លោកថា មនុស្សប្រហែល ៩០នាក់បានរងរបួស ។ Punjab គឺជាខេត្តធំបំផុតរបស់ប្រទេសប៉ាគីស្ថាន ដែលប្រជាជនរាប់លាននាក់ត្រូវពឹងផ្អែកលើកសិកម្ម និងរស់នៅក្នុងភូមិ ។
ភ្លៀងត្រូវបានគេចាត់ទុកថាជាការផ្តល់ពរជ័យអំឡុងរដូវកាល ប៉ុន្តែវាក៏ធ្វើឲ្យលំនៅឋាន បាក់រលំផងដែរ ហើយចំនួនអ្នកស្លាប់ដោយសារភ្លៀងមូសុងឆ្នាំនេះបានឡើងដល់ ១៥០ នាក់ ខណៈមនុស្សជាង៣០០នាក់ទៀតបានរងរបួសដោយសារភ្លៀងធ្លាក់ខុសប្រក្រតីជាច្រើនសប្តាហ៍មកនេះ ។
នៅក្នុងរបាយការណ៍ស្ថានភាពចុងក្រោយចេញផ្សាយកាលពីថ្ងៃពុធ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ(NDMA) និយាយថា ២ ភាគ៣នៃចំនួនមនុស្សស្លាប់ បណ្តាលមកពីបាក់រលំផ្ទះ និងទឹកជំនន់ដ៏គំហុក ខណៈការលង់ទឹកស្មើនឹងមនុស្សម្នាក់ ក្នុងចំណោមមនុស្ស ១០នាក់ ។
ប៉ាគីស្ថានដែលមានប្រជាពលរដ្ឋរហូតដល់ ២៥០លាននាក់ ស្ថិតនៅក្នុងចំណោមប្រទេសងាយរងគ្រោះខ្លាំងបំផុតដោយសារបម្រែបម្រួលអាកាសធាតុ ។
ប្រទេសមួយនេះ បានជួបគ្រោះមហន្តរាយធម្មជាតិម្តងហើយម្តងទៀត ជាក់ស្តែងគ្រោះទឹកជំនន់ឆ្នាំ ២០២២ បានសម្លាប់មនុស្សជិត ១.៧០០នាក់ និងមនុស្សជាង ៣០លាននាក់នៅទូទាំងប្រទេស បានបាត់បង់ផ្ទះសម្បែង និងបសុសត្វរបស់ពួកគេ ឬរងគ្រោះដោយសារការខូចខាត និងបាត់បង់ដំណាំរបស់ពួកគេ ។
រដ្ឋាភិបាលប៉ាគីស្ថាន បានដាក់ការស្តីបន្ទោសគ្រោះមហន្តរាយធម្មជាតិនេះ លើកង្វះជំនួយពីសហគមន៍អន្តរជាតិ ក្នុងការលើកឡើងបន្ទាន់គ្រាអាសន្នអាកាសធាតុ ដែលបណ្តាលឲ្យកើតមានទឹកជំនន់ដ៏គំហុក និងគ្រោះមន្តរាយផ្សេងទៀត ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញមួយចំនួន និយាយថា ភាពអសកម្មរបស់រដ្ឋាភិបាល បានរួមចំណែកសំខាន់នៅក្នុងស្ថានភាពបច្ចុប្បន្ននេះ ៕