នៅរាត្រីថ្ងៃទី៧មករា ឯកឧត្តមនាយឧត្តមសេនីយ៍ មីន អោងឡាំង Min Aung Hlaing ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃ សាធារណរដ្ខសហភាពមីយ៉ាន់ម៉ារ ប្រារព្ធពិធីលៀងសាយភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអញ្ជើញបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីណៃពិដោរ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ។ បើទោះបីមិនមានការថ្លែងសុន្ទរកថាក៏ពិតមែន មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា មីយ៉ាន់ម៉ារ បានសំដែងនូវការវាយតម្លៃខ្ពស់សាជាថ្មីម្តងទៀត ចំពោះលទ្ធផលនៃជំនួបពិភាក្សាដោយស្មោះត្រង់ទៅស្មោះត្រង់មក លើការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា ពិសេសទាក់ទិនទៅនិងសភាពការណ៍ ក្នុងប្រទេសមីយ៉ាន់ម៉ារ។ ជាមួយគ្នានេះភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងមិត្តភាពដែលមានស្រាប់ រវាងប្រជាជនទាំងពីរ ជាពិសេសក្នុងបរិបទ នៃវិបត្តិសុខភាពពិភពលោក។ ឯកឧតត្តមនាយឧត្តមសេនីយ៍ មីនអោងឡាំង បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ដែលបានផ្តល់ជំនួយសម្ភារៈបរិក្ខាវេជ្ជសាស្រ្ត ដើម្បីជួយដល់ប្រទេសមីយ៉ាន់ម៉ារ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩៕ 







