ក្រុមវិនិយោគ និងលទ្ធកម្មអាវុធគាំទ្រដោយរដ្ឋរបស់ទីក្រុងគីវ ឈ្មោះ Brave1 បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៧ កក្កដា) ថា ប្រទេសអ៊ុយក្រែន នឹងអនុញ្ញាតឱ្យបណ្ដាក្រុមហ៊ុនផលិតអាវុធបរទេស សាកល្បងសព្វាវុធទំនើបចុងក្រោយបំផុតរបស់ពួកគេនៅលើសមរភូមិជួរមុខបច្ចុប្បន្ននៃសង្រ្គាមប្រឆាំងនឹងប្រតិបត្តិការយោធារបស់រុស្ស៊ី។

ក្រុមនេះបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្រោមគ្រោងការណ៍ឈ្មោះថា "សាកល្បងនៅអ៊ុយក្រែន" នោះ បណ្ដាក្រុមហ៊ុននឹងបញ្ជូនផលិតផលរបស់ពួកគេទៅអ៊ុយក្រែន ផ្តល់ការបណ្តុះបណ្តាលតាមអ៊ិនធឺណិតអំពីមធ្យោបាយប្រើប្រាស់អាវុធ បន្ទាប់មករង់ចាំឱ្យកងកម្លាំងអ៊ុយក្រែនសាកល្បងគ្រឿងយុទ្ធោបករណ៍ទាំងនោះ ហើយបញ្ជូនរបាយការណ៍ត្រឡប់ទៅវិញ។
លោក Artem Moroz ប្រធានផ្នែកទំនាក់ទំនងវិនិយោគិន Brave1 បានប្រាប់សារព័ត៌មានរ៉យទ័រក្នុងសន្និសីទការពារជាតិទីក្រុង Wiesbaden របស់អាល្លឺម៉ង់ថា៖ ការធ្វើតេស្តបែបនេះផ្តល់ឱ្យគ្រប់គ្នានូវការយល់ដឹងបន្ថែមអំពីបច្ចេកវិទ្យា ហើយផ្តល់ឱ្យក្រុមហ៊ុនផលិតអាវុធនូវការយល់ដឹងអំពីអ្វីដែលពិតជាកំពុងធ្វើការនៅសមរភូមិជួរមុខ"។
លោក Moroz បន្តថា មានការចាប់អារម្មណ៍ខ្លាំងចំពោះគម្រោងនេះ ប៉ុន្តែមិនបញ្ចេញឈ្មោះក្រុមហ៊ុនណាមួយដែលបានចុះហត្ថលេខាលើការប្រើប្រាស់ជួរមុខអ៊ុយក្រែនដើម្បីតេស្តអាវុធពួកគេទេ ហើយក៏បានបដិសេធមិនលម្អិតបន្ថែមទៀតពីដំណើរការ ឬថាតើការចំណាយនឹងត្រូវពាក់ព័ន្ធយ៉ាងណាដែរ។
ជាង ៣ឆ្នាំបន្ទាប់ពីប្រតិបត្តិការយោធារបស់រុស្ស៊ី លើអ៊ុយក្រែន កងកម្លាំងទីក្រុងមូស្គូកំពុងវាយបកយ៉ាងខ្លាំងក្លានៅទូទាំងជួរមុខ ដែលមានចម្ងាយជាង ១.០០០គីឡូម៉ែត្រ និងការវាយប្រហារតាមអាកាសកាន់តែខ្លាំងទៅលើទីក្រុងនានារបស់អ៊ុយក្រែន៕

