បេសកជនរបស់ទីក្រុងវ៉ាស៊ីនតោនប្រចាំសម្ព័ន្ធយោធាណាតូ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកកំពុងមានចំណាត់ការយ៉ាងលឿនដើម្បីបញ្ជូនសព្វាវុធទៅឱ្យប្រទេសអ៊ុយក្រែន ក្រោមផែនការថ្មីរបស់លោកប្រធានាធិបតី Donald Trump សម្រាប់សមាជិកសម្ព័ន្ធយោធាណាតូនៅអឺរ៉ុបដើម្បីទិញ និងផ្គត់ផ្គង់អាវុធ ហើយកំពុងពិចារណាទាញយកប្រព័ន្ធការពារដែនអាកាសប៉ាទ្រីយ៉ូត(Patriot) ពីឃ្លាំងស្តុកទុករបស់ខ្លួន។

លោក Trump បានប្រកាសកាលពីថ្ងៃច័ន្ទសប្តាហ៍នេះនូវកិច្ចព្រមព្រៀងជាមួយអគ្គលេខាធិការសម្ព័ន្ធយោធាណាតូ លោក Mark Rutte ដែលនឹងមើលឃើញសម្ព័ន្ធមិត្តអឺរ៉ុបទិញសព្វាវុធផលិតដោយសហរដ្ឋអាមេរិក ជាពិសេសប្រព័ន្ធមីស៊ីលប៉ាទ្រីយ៉ូតទំនើប ហើយបញ្ជូនទៅកាន់ទីក្រុងគីវ។
ការប្រកាសនេះបង្ហាញពីការផ្លាស់ប្តូរមួយសម្រាប់លោក Trump ដែលមានការខកចិត្តជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បន្ទាប់ពីការបរាជ័យម្តងហើយម្តងទៀតក្នុងការឈានដល់បទឈប់បាញ់នៅអ៊ុយក្រែន។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំសម្ព័ន្ធយោធា NATO លោក Matthew Whitaker បានប្រាប់អ្នកសារព័ត៌មានថា «យើងទាំងអស់គ្នាកំពុងធ្វើការយ៉ាងប្រញាប់ប្រញាល់ ដើម្បីជួយសម្រួលដល់កិច្ចការងារនេះនិងធ្វើវាឲ្យបានរួចរាល់ ហើយខ្ញុំគិតថាអ្វីៗពិតជាមានដំណើរការយ៉ាងលឿន»។

ទោះជាយ៉ាងណា សំណួរជាច្រើននៅតែមានអំពីថាតើប្រព័ន្ធមីស៊ីលប៉ាទ្រីយ៉ូតនឹងបានមកពីណា ហើយតើវាអាចត្រូវបានគេបញ្ជូនក្នុងពេលឆាប់ៗនេះដែរទេ ជាពិសេសខណៈអ៊ុយក្រែនកំពុងស៊ូទ្រាំទប់ទល់ទៅនឹងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីកាន់តែខ្លាំងឡើង។