ការស្ទង់មតិមួយធ្វើឡើងកាលថ្ងៃព្រហស្បតិ៍ (១៧ កក្កដា) ដោយសារព័ត៌មាន The Times of Israel បានបង្ហាញថា សង្រ្គាមដ៏បង្ហូរឈាមនាពេលបច្ចុប្បន្ននេះនៅក្នុងដែនដីហ្កាហ្សាស្រ្ទីប គឺជាក្ដីកង្វល់ចម្បងដ៏សំខាន់បំផុតសម្រាប់សាធារណជនអ៊ីស្រាអែល ដែលកំពុងសម្លឹងមើលការបោះឆ្នោតបន្ទាប់នាពេលខាងមុខ ជាមួយនឹងអ្នកឆ្លើយតបមួយភាគបី (ពោលគឺ ៣៣,៤%) និយាយថា ជម្លោះហ្កាហ្សាស្ថិតក្នុងការពិចារណាដ៏សំខាន់បំផុតរបស់ពួកគេ។

ការស្ទង់មតិនេះ បានកើតមានឡើងនៅពេលសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស នៅហ្កាហ្សាស្ទ្រីបកំពុងតែបន្តយ៉ាងខ្លាំងក្លា ស្របពេលកិច្ចប្រឹងប្រែងដើម្បីឈានដល់បទឈប់បាញ់ហាក់រអាក់រអួល ដែលនឹងអាចមើលឃើញមានការផ្អាកប្រយុទ្ធយ៉ាងហោចណាស់ជាបណ្តោះអាសន្ន ជាថ្នូរនឹងការដោះលែងចំណាប់ថ្នូរនៅរស់មួយចំនួនក្នុងចំណោមមនុស្ស ២០នាក់នៅក្នុងដៃក្រុមហាម៉ាស និងសាកសពចំណាប់ថ្នូរ ៣០នាក់ផ្សេងទៀត។
គួរឱ្យដឹងថា ការបោះឆ្នោតបន្ទាប់ត្រូវបានកំណត់ពេលសម្រាប់ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ ប៉ុន្តែប្រហែលជាអាចធ្វើឡើងមុននោះទៅទៀត ប្រសិនបើក្រុមចម្រុះកំពុងកាន់អំណាចដួលរលំ ឬប្រសិនបើរដ្ឋាភិបាលអំពាវនាវឱ្យមានការបោះឆ្នោតមុនកាលកំណត់។
ទាក់ទងនឹងបក្សនយោបាយ ការស្ទង់មតិនេះបង្ហាញថា ប្លុកនយោបាយរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu អាចនៅមាន "សំឡេងរារាំងភាគច្រើន" — នេះមិនមែនជាសមត្ថភាពក្នុងការបង្កើតរដ្ឋាភិបាលទេ ប៉ុន្តែជាអំណាចក្នុងការបញ្ឈប់រដ្ឋាភិបាលណាមួយមិនឱ្យបង្កើតខ្លួន ហេតុដូច្នេះអាចបង្ខំឱ្យមានការបោះឆ្នោតថ្មី — លុះត្រាតែប្លុកប្រឆាំងលោក Netanyahu មានឆន្ទៈក្នុងការចាប់ដៃគូជាមួយគណបក្សអារ៉ាប់ ដូចជាក្រុមអ៊ិស្លាមនិយម Ra'am ជាដើម៕

