បាត់ដំបង៖ អគារស្នាក់ការថ្មីរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់ ឯកឧត្ដម ស្រេង វង្សហៀង ប្រធានក្រុមការងារចុះជួយឃុំព្រះផុស និងលោកជំទាវ សុត សុវណ្ណដា ។
អគារក្រុមការងារចុះជួយឃុំព្រះផុសនេះ កសាងឡើងដោយ ឯកឧត្ដម ស្រេង វង្សហៀង ប្រធានក្រុមការងារចុះជួយឃុំព្រះផុស និងលោកជំទាវ សុត សុវណ្ណដា ដោយចំណាយថវិកាអស់ជាង ២០ម៉ឺនដុល្លារ។ អគារនេះសាងសង់ឡើងលើផ្ទៃដីទំហំ ១ហិកតា ទំហំអគារ ៣១ម៉ែត្របួនជ្រុង មានចំនួន១១បន្ទប់។ ការកសាងចាប់ផ្ដើមឡើងក្នុងខែកញ្ញា ឆ្នាំ២០២០ និងសាងសង់រួចរាល់នៅក្នុងខែមេសា ឆ្នាំ២០២១។
ឯកឧត្ដម ស្រេង វង្សហៀង បានឱ្យដឹងថា អគារស្នាក់ការថ្មីនេះកសាងឡើងក្នុងគោលបំណង ដើម្បីឲ្យក្រុមការងារមានភាពងាយស្រួលក្នុងការស្នាក់ ដើម្បីបំពេញការងារឱ្យបានល្អប្រសើរ។
ឯកឧត្តម ស្រេង វង្សហៀង ថ្លែងថា កន្លងមកក្រុមការងារចុះជួយឃុំព្រះផុស បានកសាងផ្លូវ កៅស៊ូ មួយខ្សែ ប្រវែង ១២០០ម៉ែត្រ ទទឹង៦ម៉ែត្រ ជាថវិកាផ្ទាល់របស់ឯកឧត្ដម និងលោកជំទាវ និងចែកអំណោយជូនប្រជាពលរដ្ឋ ចំនួនសរុបប្រហែល ៣០លើក ស្មើជាង ៤០០០គ្រួសារ។
ឯកឧត្ដមបន្តថា ក្រុមការងារកំពុងតែពិនិត្យមើលផ្លូវតាមភូមិដែលរងការខូចខាត ដោយសារទឹកជំនន់កាលពីកន្លងមក និងជួសជុលឡើងវិញ ក្នុងឆ្នាំ២០២២ នេះ។
ជាមួយគ្នានេះ ក្រុមការងារចុះជួយឃុំព្រះផុស មានគំរោងជួយប្រជាពលរដ្ឋ ផ្នែកកសិកម្ម និងរកទីផ្សារជូនគាត់ ដើម្បីជួយឲ្យពួកគាត់មានជីវភាពធូរធាជាងមុន។
ឯកឧត្ដម ស្រេង វង្សហៀង បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋ ត្រូវចេះបង្កេីតមុខរបរខ្លួនឯង និងរកចំណូលចូលគ្រួសារ ដើម្បីកុំឲ្យមានចំណាកស្រុកតទៅទៀត៕






