សេតវិមានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍១៧ កក្កដា សប្ដាហ៍នេះ ថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ត្រូវបានធ្វើរោគវិនិច្ឆ័យថាមានឈាមកកក្នុងសរសៃឈាម ក្រោយការមើលឃើញស្នាមជាំលើដៃ និងហើមជើង។

អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បានប្រាប់អ្នកយកព័ត៌មានថា បុរស វ័យ៧៩ ឆ្នាំរូបនេះ ដែលកាលពីខែមករា ២០២៥ បានក្លាយជាមនុស្សចាស់បំផុតមិនធ្លាប់កាន់តំណែងជាប្រធានាធិបតីអាមេរិក ត្រូវបានគេរកឃើញថាមាន ជំងឺឈាមកកក្នុងសរសៃឈាមរ៉ាំរ៉ៃ ។
លោកស្រីបាននិយាយថា ការប្រែពណ៌យ៉ាងខ្លាំងនៅលើដៃស្តាំរបស់លោក Trump គឺ "រលាកជាលិកាបណ្ដាលមកពីការចាប់ដៃញឹកញាប់" និងការប្រើប្រាស់ថ្នាំអាស្ពីរីន ជាផ្នែកនៃការព្យាបាលសរសៃឈាមបេះដូង ។
គ្រូពេទ្យប្រចាំសម្រាប់ប្រធានាធិបតីលោក Sean Barbabella បាននិយាយថា លោក Trump "នៅតែមានសុខភាពល្អ" ទោះមានការបញ្ជាក់ពីស្ថានភាពសុខភាពរបស់លោកបែបនេះ នៅក្នុងលិខិតមួយចេញដោយសេតវិមានក៏ដោយ៕

