អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បាននិយាយថា ទីក្រុងមូស្គូគួរតែពិចារណាចាប់ផ្តើមការវាយប្រហារទុកជាមុន ប្រឆាំងនឹងលោកខាងលិច ស្របពេលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អង្គការណាតូ ពន្លឿនផ្តល់ការគាំទ្រផ្នែកការពារសម្រាប់អ៊ុយក្រែនឱ្យបានលឿន ។

លោក Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Tass ថា សេចក្តីថ្លែងការណ៍របស់ក្រុមអ្នកនយោបាយលោកខាងលិចលើប្រធានបទនេះគឺមិនសមហេតុសមផលទាំងស្រុង ។
លោកបានបន្ថែមថា យើងត្រូវធ្វើសកម្មភាពស្របតាមច្បាប់ ដើម្បីឆ្លើយតបឱ្យបានពេញលេញ។ ហើយប្រសិនបើចាំបាច់ ចាប់ផ្តើមការវាយប្រហារជាមុន។
ការអត្ថាធិប្បាយរបស់លោក Medvedev ធ្វើឡើងតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានប្រកាសការដំឡើងពន្ធបន្ទាប់បន្សំលើទីក្រុងមូស្គូ ដោយការដំឡើងពន្ធ ១០០% លើប្រទេសដែលទិញប្រេងពីរុស្ស៊ី ប្រសិនបើវិមានក្រឹមឡាំងមិនចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែនក្នុងរយៈពេល ៥០ ថ្ងៃខាងមុខ។
លោក Trump នៅសប្តាហ៍នេះបាននិយាយថា សហរដ្ឋអាមេរិកនឹងបញ្ជូនប្រព័ន្ធការពារដែនអាកាសប៉ាទ្រីយ៉ូត(Patriot) ទៅកាន់រដ្ឋជាសមាជិកសម្ព័ន្ធយោធាណាតូ ដែលបន្ទាប់មកនឹងត្រូវបញ្ជូនទៅកាន់អ៊ុយក្រែន ហើយកាលពីថ្ងៃពុធសប្ដាហ៍នេះដែរ លោកបានលើកឡើងថា សព្វាវុធទំនើបនេះ បានដឹកជញ្ជូនទៅកាន់ប្រទេសអាល្លឺម៉ង់រួចហើយ៕

