ក្រសួងការបរទេសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកមិនគាំទ្រការវាយប្រហាររបស់អ៊ីស្រាអែលកាលពីពេលថ្មីៗនេះទៅលើប្រទេសស៊ីរីទេ ខណៈប្រធានាធិបតីបណ្តោះអាសន្នរបស់ប្រទេសស៊ីរី លោក Ahmed al-Sharaa បានចោទប្រកាន់អ៊ីស្រាអែលពីការព្យាយាមធ្វើឱ្យប្រទេសនេះបែកបាក់ និងបានសន្យាការពារជនជាតិភាគតិចឌ្រូស(Druze) របស់ខ្លួន។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce បានប្រាប់អ្នកសារព័ត៌មានក្នុងអំឡុងសន្និសីទសារព័ត៌មានថា «ទាក់ទងនឹងអន្តរាគមន៍និងចំណាត់ការរបស់អ៊ីស្រាអែល សហរដ្ឋអាមេរិកមិនគាំទ្រការវាយប្រហាររបស់អ៊ីស្រាអែលកាលពីពេលថ្មីៗនេះទេ»។ លោកស្រីនិយាយថា «យើងកំពុងចូលរួមផ្នែកការទូតជាមួយអ៊ីស្រាអែល និងស៊ីរី ក្នុងកម្រិតខ្ពស់បំផុត ដែលប្រទេសទាំងពីរនឹងដោះស្រាយវិបត្តិបច្ចុប្បន្ន និងឈានដល់កិច្ចព្រមព្រៀងយូរអង្វែងរវាងរដ្ឋអធិបតេយ្យទាំងពីរ»។

លោកស្រី Bruce បាននិយាយថា សហរដ្ឋអាមេរិកថ្កោលទោសអំពើហិង្សានៅក្នុងប្រទេសស៊ីរី និងកំពុងចូលរួមជាមួយគ្រប់ភាគីឈានឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹង។ លោកស្រី បានបដិសេធមិននិយាយថាតើទីក្រុងវ៉ាស៊ីនតោនគាំទ្រសិទ្ធិរបស់អ៊ីស្រាអែលក្នុងការបើកប្រតិបត្តិការបែបនេះឬយ៉ាងណានោះទេ។
អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បាននិយាយថា ប្រទេសស៊ីរីទំនងជាកំពុងដកកងទ័ពមកវិញ។ ប្រទេសស៊ីរីបានព្រមព្រៀងក្នុងការដកកងទ័ពរបស់ខ្លួនមកវិញពីតំបន់ដែលការប៉ះទង្គិចគ្នាកំពុងបន្ត ហើយយើងបន្តតាមដានយ៉ាងសកម្មបំផុតអំពីស្ថានភាពនេះ។