ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលថ្ងៃព្រហស្បតិ៍ (១៧ កក្កដា) ថា យោធាមីយ៉ាន់ម៉ា បានវាយដណ្តើមបានទីប្រជុំជនច្រកចេញចូលយុទ្ធសាស្ត្រដ៏សំខាន់មួយពីកងកម្លាំងឧទ្ទាមមកវិញ បន្ទាប់ពីប្រឹងប្រែងអស់ជិតមួយឆ្នាំ ដែលជាការផ្លាស់ប្តូរដ៏កម្រមួយនៅភាគឦសានរបស់ប្រទេស ជាទីដែលសម្ព័ន្ធភាពនៃកងជីវពលជនជាតិភាគតិច បានដណ្តើមយកទឹកដីដ៏ធំសម្បើមនៅក្នុងការវាយលុកដែលបានចាប់ផ្តើមនៅចុងឆ្នាំ២០២៣។

ទីប្រជុំជន Nawnghkio ដែលស្ថិតលើផ្លូវពាណិជ្ជកម្មធំមួយតភ្ជាប់ពីកណ្តាលមីយ៉ាន់ម៉ា ទៅកាន់ប្រទេសចិន បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពរំដោះជាតិ តាអាង ឬហៅកាត់ថាក្រុមឧទ្ទាម TNLA នៅក្នុងសម្ព័ន្ធភាតរភាពត្រីភាគី ចាប់តាំងពីខែកក្កដា ឆ្នាំមុនមក។
ការចុះផ្សាយរបស់កាសែតរដ្ឋ Myanma Alinn កាលពីថ្ងៃព្រហស្បតិ៍បានឱ្យដឹងថា ភូមិ Nawnghkio ដែលក៏ឈរនៅលើផ្លូវហាយវេនាំទៅដល់ទីប្រជុំជនយោធភូមិភាគធំនៃទីក្រុង Pyin Oo Lwin នេះ ត្រូវបានកងទ័ពយកមកវិញបានទាំងស្រុងនៅរសៀលថ្ងៃពុធសប្ដាហ៍នេះ បន្ទាប់ពីប្រតិបត្តិការជិត ១១ខែ។
ការដណ្តើមភូមិនេះយកមកវិញដោយកងទ័ពរបបសឹក បានកើតឡើងបន្ទាប់ពីរយៈពេលដ៏យូរដែលរដ្ឋាភិបាលយោធាត្រូវបានមើលឃើញថាកំពុងចាញ់ប្រៀប ហើយស្ថិតនៅលើខ្សែប្រយុទ្ធការពារ ទប់ទល់នឹងការវាយរុលមិនឈប់ពីកងកម្លាំងឧទ្ទាម នៅក្នុងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ៕

