ប្រទេសចិនបានដាក់កំហិតលើការនាំចេញលើបច្ចេកវិទ្យាសំខាន់សម្រាប់ការផលិតអាគុយរថយន្តអគ្គិសនី ក្នុងចំណាត់ការរមួយដើម្បីពង្រឹងភាពលេចធ្លោរបស់ខ្លួននៅក្នុងវិស័យដែលបានរួមចំណែកដល់ការនាំមុខរបស់ប្រទេសនេះ ក្នុងការប្រណាំងប្រជែងរថយន្តអគ្គិសនី(EV)ជាសកល។

បច្ចេកវិទ្យាជាច្រើន ដែលបានប្រើសម្រាប់ផលិតអាគុយរថយន្តអគ្គិសនី និងដំណើរការសាធាតុលីចូម ដែលជាសារធាតុរ៉ែដ៏សំខាន់សម្រាប់ផលិតថ្មទាំងនេះ ត្រូវបានបញ្ចូលទៅក្នុងបញ្ជីត្រួតពិនិត្យការនាំចេញរបស់រដ្ឋាភិបាល។
ការដាក់បញ្ចូលក្នុងបញ្ជីមានន័យថា ការផ្ទេរបច្ចេកវិទ្យាទៅក្រៅប្រទេស ដូចជាតាមរយៈពាណិជ្ជកម្ម ការវិនិយោគ ឬកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា នឹងតម្រូវឱ្យមានអាជ្ញាប័ណ្ណដែលចេញដោយរដ្ឋាភិបាល នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មរបស់ប្រទេសនេះ។
ការត្រួតពិនិត្យថ្មីឆ្លុះបញ្ចាំងពីការរឹតបន្តឹងស្រដៀងគ្នានេះ ដែលទើបតែបានដាក់ចេញកាលពី ៣ ខែមុនលើរ៉ែកម្រ និងមេដែករបស់ខ្លួន ជាវត្ថុធាតុដើមសំខាន់ៗដែលប្រើមិនត្រឹមតែនៅក្នុងការផលិតរថយន្តរអគ្គិសនី ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងគ្រឿងអេឡិចត្រូនិក និងឧបករណ៍យោធាដូចជាយន្តហោះចម្បាំងផងដែរ។
ការគ្រប់គ្រងការនាំចេញដ៏មានសារៈសំខាន់បំផុតរបស់ប្រទេសចិននៃខ្សែសង្វាក់ផ្គត់ផ្គង់រ៉ែកម្រនេះ បានលេចចេញជាឧបករណ៍ដ៏មានឥទ្ធិពលបំផុតរបស់ខ្លួននៅក្នុងសង្គ្រាមពាណិជ្ជកម្មជាថ្មីជាមួយសហរដ្ឋអាមេរិក៕

