យោងតាមមន្ត្រីសុខាភិបាលក្នុងតំបន់ហ្កាហ្សាបានឲ្យដឹងថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៩០ នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ រួមទាំងជនស៊ីវិលជាច្រើននាក់ដែលកំពុងស្វែងរកជំនួយមនុស្សធម៌។ការវាយប្រហារនានា បានបង្កើនភាពរងទុក្ខកាន់តែខ្លាំងក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដែលត្រូវបានរងការឡោមព័ទ្ធរួចហើយ។

ក្នុងចំណោមអ្នកស្លាប់មានយ៉ាងហោចណាស់មនុស្ស ៣ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើព្រះវិហារ Holy Family Catholic ក្នុងទីក្រុងហ្កាហ្សា ដែលបានធ្វើឱ្យមនុស្ស១០នាក់ផ្សេងទៀតរងរបួសផងដែរ។ ការវាយប្រហារលើព្រះវិហារ ដែលជាកន្លែងគោរពបូជារបស់ សាសនិកកាតូលិកតែមួយគត់នៅហ្កាហ្សា បានទាក់ទាញការថ្កោលទោសយ៉ាងទូលំទូលាយ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahuបាននិយាយថា ប្រទេសរបស់លោកមានការសោកស្ដាយយ៉ាងខ្លាំង ដែលគ្រាប់បែកបានប៉ះចំព្រះវិហារនោះ។
ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនលោក Majed Bamya បានពណ៌នាសហគមន៍គ្រិស្តបរិស័ទប៉ាឡេស្ទីនថាជាផ្នែកសំខាន់មួយនៃប្រវត្តិសាស្រ្ត និងអត្តសញ្ញាណរបស់ប្រជាជន។ លោកបញ្ជាក់ថា ជម្លោះមិនមែនជាសង្គ្រាមសាសនាទេ ប៉ុន្តែជាការតស៊ូដើម្បីសិទ្ធិ និងការរស់រានរបស់ប៉ាឡេស្ទីន។

ទន្ទឹមនឹងនេះ ក្រុមអ្នកសម្របសម្រួលមកពីប្រទេសកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក បានបង្ហាញសំណើបទឈប់បាញ់ថ្មីដល់ក្រុមហាម៉ាស និងអ៊ីស្រាអែល។ ផែនការនេះរួមមានបទឈប់បាញ់រយៈពេល ៦០ ថ្ងៃ ការដោះលែងចំណាប់ខ្មាំង ការដោះដូរអ្នកទោសប៉ាឡេស្ទីន និងការបង្កើនជំនួយមនុស្សធម៌។ ទោះជាយ៉ាងណាក៏ដោយ ការចរចាដោយប្រយោលនៅតែជាប់គាំង ស្របពេលមានការចោទប្រកាន់គ្នាទៅវិញទៅមកពីការអូសបន្លាយនៃកិច្ចព្រមព្រៀងបទឈប់។
ស្ថានការណ៍មនុស្សធម៌នៅហ្កាហ្សានៅតែធ្ងន់ធ្ងរ ដោយសារតែការបន្តអំពើហិង្សាពីសំណាក់អ៊ីស្រាអែល ធ្វើឱ្យជនស៊ីវិលរងទុក្ខវេទនាក្នុងជម្លោះកាន់តែខ្លាំង៕