ប្រទេសអេស្ប៉ាញ កាលពីថ្ងៃព្រហស្បតិ៍ទី ១៧ខែកក្កដា បាននិយាយថា ខ្លួននឹងបង្កើនការស៊ើបអង្កេតលើឧក្រិដ្ឋកម្មដែលសង្ស័យសម្រាប់សមាជិកក្រុមស្តាំនិយមជ្រុល និងក្រុមប្រកាន់ពូជសាសន៍ បន្ទាប់ពីការប៉ះទង្គិចគ្នារយៈពេល៤យប់ជាមួយជនអន្តោប្រវេសន៍អាហ្វ្រិកក្នុងភាពវឹកវរអាក្រក់បំផុតរបស់ប្រទេស នាពេលថ្មីៗនេះ។

អាជ្ញាធរបានឃុំខ្លួនមនុស្ស១១នាក់ និងបានប្តឹងមនុស្សជាង៦០ទៀតជុំវិញឧក្រិដ្ឋកម្មស្អប់ខ្ពើម និងភាពគ្មានសណ្តាប់ធ្នាប់ ចាប់តាំងពីអំពើហិង្សាបានផ្ទុះឡើងកាលពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីការវាយប្រហារទៅលើបុរសក្នុងស្រុកម្នាក់អាយុ៦០ឆ្នាំនៅទីក្រុង Torre Pacheco។
នគរបាលបានឃុំខ្លួនបុរសជនជាតិម៉ារ៉ុកបីនាក់ ជុំវិញការវាយប្រហារនៅក្នុងទីក្រុងមួយ ជាកន្លែងដែលមួយភាគបីនៃអ្នកស្រុកនៅទីនោះមានដើមកំណើតជាជនអន្តោប្រវេសន៍។ ក្រសួងមហាផ្ទៃបាននិយាយថា អ្នកជំនាញប្រឆាំងភេរវកម្មនិងចារកម្មនៃឧក្រិដ្ឋកម្មរៀបចំទុករបស់ប្រទេសអេស្ប៉ាញ ត្រូវបានស្នើសុំឱ្យរួមបញ្ចូលឧក្រិដ្ឋកម្មស្អប់ខ្ពើមទៅក្នុងផ្នែកទទួលខុសត្រូវរបស់ខ្លួន និងតាមដានការញុះញង់ឱ្យមានអំពើហិង្សា។

ក្រសួងបាននិយាយថា ក្រុមស្តាំនិយមជ្រុលនឹងត្រូវបានស៊ើបអង្កេតសម្រាប់ការជាប់ពាក់ព័ន្ធទៅនឹងចលនាជាតិនិយម បន្ទាប់ពីរដ្ឋាភិបាលបានអះអាងថាគណបក្ស Vox ជាគណបក្សជាតិនិយម ដែលបច្ចុប្បន្ននេះជាកម្លាំងបោះឆ្នោតធំបំផុតទីបីរបស់អេស្ប៉ាញកំពុងញុះញង់ឱ្យមានអំពើហិង្សានៅក្នុង ទីក្រុង Torre Pacheco ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Fernando Grande-Marlaska បាននិយាយក្នុងកិច្ចប្រជុំមន្ត្រីអនុវត្តច្បាប់ថា «យើងមិនអនុញ្ញាតឱ្យមានការស្អប់ខ្ពើម ចាក់ឫសនៅក្នុងសង្គមរបស់យើងទេ»។ «ឧក្រិដ្ឋកម្ម មិនមានការកើនឡើងទេ ហើយក៏មិនជាប់ពាក់ព័ន្ធទៅនឹងការធ្វើអន្តោប្រវេសន៍ដែរ»។