បន្ទាប់ពីទទួលបានការសន្យាសព្វាវុធបន្ថែមពីសហរដ្ឋអាមេរិក ពេលនេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានរុះរើគណៈរដ្ឋមន្ត្រីថ្មី ដោយតែងតាំងនាយករដ្ឋមន្ត្រីថ្មី ដែលជាអ្នកចរចាដ៏សំខាន់នៃកិច្ចព្រមព្រៀងទីក្រុងគីវជាមួយសហរដ្ឋអាមេរិកលើដៃគូលើការអភិវឌ្ឍធនធានរ៉ែកម្រ។

លោកស្រី Yulia Svyrydenko អតីតរដ្ឋមន្ត្រីសេដ្ឋកិច្ច នឹងក្លាយទៅជាប្រមុខរដ្ឋាភិបាលថ្មីដំបូងបំផុតរបស់អ៊ុយក្រែន ចាប់តាំងប្រតិបត្តិការយោធាពេញលក្ខណៈរបស់រុស្ស៊ី ក្នុងឆ្នាំ២០២២ មក។ លោក Zelenskiy កាលពីថ្ងៃព្រហស្បតិ៍ (១៧ កក្កដា) បាននិយាយលើកសរសើរលោកស្រី Svyrydenko វ័យ ៣៩ឆ្នាំ ថាជាអ្នកនយោបាយដ៏ស្មោះត្រង់ម្នាក់ ដែលមានបទពិសោធន៍ក្នុងការទូតជាមួយសហរដ្ឋអាមេរិក និងលោកខាងលិច។
នាយករដ្ឋមន្ត្រីចាស់ដែលអស់អាណត្តិ លោក Denys Shmyhal នឹងក្លាយជារដ្ឋមន្ត្រីការពារជាតិ នៅពេលអ៊ុយក្រែនកំពុងសម្លឹងមើលការបង្កើនផលិតសព្វាវុធនៅក្នុងស្រុកបន្ថែម និងខណៈដែលលោកប្រធានាធិបតីអាមេរិក Donald Trump ស្វះស្វែងបញ្ចប់សង្រ្គាម។
លោកស្រី Svyrydenko និងលោក Shmyhal ស្ថិតក្នុងចំណោមក្រុមមន្ត្រីដ៏ធំទូលាយដែលទទួលតួនាទីជាអ្នកដឹកនាំថ្មី ខណៈលោក Zelenskiy មានគោលបំណងពង្រឹងប្រទេសដែលហត់នឿយដោយសង្រ្គាមឡើងវិញ។ ប៉ុន្តែសម្រាប់ប្រជាជនអ៊ុយក្រែន ការរុះរើគណៈរដ្ឋមន្ត្រីថ្មីនេះមិនត្រូវមើលឃើញថាជាការផ្លាស់ប្តូរដ៏សំខាន់ក្នុងទិសដៅល្អសម្រាប់លោក Zelenskiy ទេ ខណៈប្រធានាធិបតីអ៊ុយក្រែនរូបនេះភាគច្រើននឹងនៅតែពឹងផ្អែកលើមន្ត្រីចាស់ៗមានបទពិសោធន៍ដដែល៕

