វេជ្ជបណ្ឌិត បុគ្គលិកសុខាភិបាល និងអ្នកគាំទ្ររាប់ពាន់នាក់ បានចេញធ្វើបាតុកម្មនៅទូទាំងទីក្រុង Buenos Aires កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីតវ៉ាប្រឆាំងទៅនឹងការកាត់បន្ថយរបស់រដ្ឋាភិបាល ចំពោះវិស័យសុខភាពសាធារណៈរបស់ប្រទេសអាហ្សង់ទីន។ ក្រុមបាតុករ បានកាន់ស្លាកទាមទារការផ្តល់មូលនិធិ និងប្រាក់ខែកាន់តែប្រសើរជាងមុន ព្រមទាំងរិះគន់គោលនយោបាយរបស់ប្រធានាធិបតី លោក Javier Milei។

ក្រុមអ្នកតវ៉ាបានព្រមានថា ការបង្កកថវិកា និងការកាត់រំសាយការងារកំពុងបង្កឱ្យមានវិបត្តិធ្ងន់ធ្ងរនៅតាមមន្ទីរពេទ្យជាតិសំខាន់ៗ ដែលបម្រើអ្នកជំងឺមកពីទូទាំងប្រទេស។
អ្នករៀបចំបាននិយាយថា ការតវ៉ានេះត្រូវបានគាំទ្រដោយសហជីព និងអង្គការសង្គមរាប់សិប ដែលស្របពេលជាមួយនឹងការធ្វើកូដកម្មរយៈពេល២៤ម៉ោងរបស់បុគ្គលិកមន្ទីរពេទ្យ Garrahan ទាមទារប្រាក់ខែនិងលក្ខខណ្ឌការងារល្អប្រសើរជាងនេះ។

យោងតាមបុគ្គលិកសុខាភិបាលបានឲ្យដឹងថា អ្នកជំនាញជាង២២០នាក់បានលាលែងពីការងារក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសារស្ថានភាពកាន់តែយ៉ាប់យ៉ឺន ខណៈអតិផរណាបានធ្វើឲ្យប៉ះពាល់ដល់ថវិកាសុខភាពដែលនៅទ្រឹង ហើយមន្ទីរពេទ្យរដ្ឋប្រឈមនឹងតម្រូវការកើនឡើង។