ក្រសួងហិរញ្ញវត្ថុ និងការពារជាតិអ៊ីស្រាអែល បាននិយាយនៅថ្ងៃព្រហស្បតិ៍ (១៧ កក្កដា) ថា អ៊ីស្រាអែលនឹងបង្កើនការចំណាយលើវិស័យការពារជាតិចំនួន ៤២ពាន់លានស្ហាកែល ពោលគឺប្រមាណ ១២,៥ពាន់លានដុល្លារអាមេរិក បន្ថែមទៀតក្នុងកញ្ចប់ឆ្នាំ២០២៥ និង២០២៦ ដោយលើកឡើងពីសង្គ្រាមនានាដែលកំពុងបន្ត និងបញ្ហាប្រឈមផ្នែកសន្តិសុខកាន់តែខ្លាំងឡើង។

ក្រសួងបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងថវិកានេះនឹងអនុញ្ញាតឱ្យក្រសួងការពារជាតិ "ជំរុញកិច្ចព្រមព្រៀងលទ្ធកម្មគ្រឿងយុទ្ធោបករណ៍ជាបន្ទាន់ និងចាំបាច់ដែលមានសារៈសំខាន់ចំពោះសន្តិសុខជាតិ"។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Bezalel Smotrich បាននិយាយថា ថវិកាការពារជាតិថ្មី "គ្របដណ្តប់ទាំងស្រុងនូវការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាក្នុងតំបន់ហ្កាហ្សា រួមជាមួយនឹងការរៀបចំសន្តិសុខដ៏ទូលំទូលាយសម្រាប់ការគំរាមកំហែងទាំងអស់ - ចាប់ពីភាគខាងត្បូង ខាងជើង និងសង្វៀនឆ្ងាយៗជាច្រើនទៀត"។
ក្នុងពេល ២១ខែកន្លងទៅនេះ ប្រព័ន្ធការពារមីស៊ីលរបស់អ៊ីស្រាអែល កំពុងធ្វើការស្ទើរតែរាល់ថ្ងៃដើម្បីស្ទាក់ចាប់មីស៊ីលដែលបាញ់ដោយក្រុមហាម៉ាស ហេសបូឡា ហ៊ួទី និង — រួមទាំងក្នុងអំឡុងពេលសង្រ្គាមបើកចំហ ១២ថ្ងៃថ្មីៗនេះ — ក៏ដូចជាជម្លោះពីរលើកកាលពីមុនជាមួយអ៊ីរ៉ង់។ ការចំណាយលើវិស័យការពារជាតិប្រចាំឆ្នាំបច្ចុប្បន្នគឺ ៣២,៧ពាន់លានដុល្លារ ប្រហែល ៩% នៃផលិតផលក្នុងស្រុកសរុប GDP - ក្នុងចំណោមតួលេខ ២២៤,៨ពាន់លានដុល្លារ នៃថវិកាសរុបប្រចាំឆ្នាំ២០២៥៕


