យោងតាមវិទ្យាស្ថានឧតុនិយមហ្វាំងឡង់ (FMI) បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ (១៧ កក្កដា) ថា រលកកម្ដៅដ៏ខ្លាំងក្លានៅប្រទេសហ្វាំងឡង់ នឹងបន្តរហូតដល់ចុងសប្តាហ៍នេះ ដោយសីតុណ្ហភាពត្រូវបានរំពឹងថានឹងកើនឡើងដល់ ៣២អង្សាសេ នៅភាគខាងលិចទីក្រុង Lapland។

អាកាសធាតុនៅថ្ងៃព្រហស្បតិ៍នៅតែស្រឡះល្អនៅទូទាំងប្រទេស បើទោះបីជាមានភ្លៀងធ្លាក់បន្តិចនៅក្នុងតំបន់ភាគខាងត្បូងនៅពេលរសៀលក៏ដោយ។ វិទ្យាស្ថានឧតុនិយមបានចេញការព្រមានអំពីកម្ដៅសម្រាប់ភាគខាងត្បូងហ្វាំងឡង់ ដែលកម្រិតខ្ពស់ប្រចាំថ្ងៃត្រូវបានរំពឹងថានឹងឈានដល់យ៉ាងហោចណាស់ ២៧អង្សាសេ និងសីតុណ្ហភាពប្រចាំថ្ងៃជាមធ្យម ២០អង្សាសេ ដែលជាកម្រិតសម្រាប់ការជូនដំណឹងសុខភាពហៅថា "កម្ដៅថប់ដង្ហើម" ។
ផ្នែកភាគខាងលិខក្រុង Lapland ត្រូវបានព្យាករថានឹងជួបប្រទះនឹងស្ថានភាពក្តៅបំផុតនៅទូទាំងប្រទេសនៅក្នុងចុងសប្តាហ៍នេះ។ នៅប្រទេសហ្វាំងឡង់ "ថ្ងៃក្តៅខ្លាំង" ត្រូវបានកំណត់ថាជាថ្ងៃដែលសីតុណ្ហភាពលើសពី ២៥អង្សាសេ។ ប្រទេសនេះនៅតែស្ថិតនៅក្រោមឥទ្ធិពលនៃម៉ាស់ខ្យល់ក្តៅខ្លាំង ដែលបណ្តាលឱ្យមានស្ថានភាពរលកកម្ដៅរីករាលដាល ចាប់ពីភាគខាងត្បូងឆ្លងកាត់ភាគកណ្តាល។
គួរឱ្យដឹងថា កំណត់ត្រាសីតុណ្ហភាពក្ដៅខ្លាំងបំផុតគ្រប់ពេលវេលាទាងអស់របស់ប្រទេសហ្វាំងឡង់ បានឈរនៅកម្រិត ៣៧,២អង្សាសេ ដែលវាស់ក្នុងក្រុង Liperi នៅអាកាសយានដ្ឋាន Joensuu កាលពីកក្កដា ឆ្នាំ២០១០៕

