សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ បានចាត់ក្រុមស្រមោលមួយដែលបានអះអាងពីការវាយប្រហារកាលពីខែមេសា នៅតំបន់កាស្មៀរ ជាក្រុមភេរវករ ដែលបានបង្កឲ្យមានការវាយលុករបស់ឥណ្ឌាលើទឹកដីប៉ាគីស្ថាន។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានពណ៌នា រណសិរ្សតស៊ូ ( Resistance Front) ថាជា «រណសិរ្សមួយនិងជាអ្នកតំណាង របស់ក្រុម Lashkar-e-Taiba ដែលជាក្រុមភេរវករ ដែលកំណត់ដោយអង្គការសហប្រជាជាតិ ដែលមានមូលដ្ឋាននៅក្នុងប្រទេសប៉ាគីស្ថាន។

លោក Rubio បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការកំណត់អត្តសញ្ញាណភេរវកម្ម «បង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលលោក ត្រាំ ក្នុងការការពារផលប្រយោជន៍សន្តិសុខជាតិរបស់យើង ប្រឆាំងនឹងអំពើភេរវកម្ម និងការអនុវត្តការអំពាវនាវរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ឲ្យមានយុត្តិធម៌សម្រាប់ការវាយប្រហារនៅទីក្រុង Pahalgam»។
កាលពីខែមេសា ខ្មាន់កាំភ្លើង បានបាញ់សម្លាប់មនុស្សចំនួន ២៦នាក់ ដែលស្ទើរតែទាំងអស់ជាអ្នកកាន់សាសនាហិណ្ឌូ នៅក្នុងទីក្រុង Pahalgam ដែលជាមជ្ឈមណ្ឌលទេសចរណ៍មួយ នៅក្នុងផ្នែកគ្រប់គ្រងដោយឥណ្ឌានូវតំបន់កាស្មៀរ ដែលខណ្ឌចែកប្រទេសទាំងពីរនេះ។
នាពេលកន្លងមក គេបានដឹងតិចតួចអំពីរណសិរ្សតស៊ូ ដែលអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។
ឥណ្ឌាចាត់ទុករណសិរ្សតស៊ូថា ជាអង្គការភេរវកម្ម ហើយមូលនិធិស្រាវជ្រាវអ្នកសង្កេតការណ៍ដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌា បានហៅរណសិរ្សនេះថា «ក្រុមប្រតិបត្តិការយោធាសម្ងាត់ និងជាសាខារបស់ក្រុម Lashkar-e-Taiba។
ប៉ាគីស្ថានបានបដិសេធមិនទទួលខុសត្រូវចំពោះការវាយប្រហារនេះ។