មនុស្សរាប់សិបនាក់ បានចេញធ្វើបាតុកម្មឆ្លងកាត់ទីក្រុង Monrovia ប្រទេសលីបេរីយ៉ា កាលពីថ្ងៃព្រហស្បតិ៍ ក្នុងការតវ៉ាដែលរៀបចំដោយក្រុម សាមគ្គីភាពនិងទំនុកចិត្តសម្រាប់ថ្ងៃថ្មី ដោយអំពាវនាវឱ្យមានការទទួលខុសត្រូវពីរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Joseph Boakai ជុំវិញស្ថានភាពសេដ្ឋកិច្ច និងការប្រព្រឹត្តមិនត្រឹមត្រូវតាមដែលត្រូវបានចោទប្រកាន់។
ក្រុមអ្នកតវ៉ា បានដើរតាមមហាវិថី Tubman ក្នុងទីក្រុង Monrovia ដោយកាន់បដា និងស្រែកពាក្យស្លោកផ្សេងៗ។ ក្រុមអ្នករៀបចំ មានផែនការបញ្ជូនញត្តិទៅកាន់និវេសនដ្ឋានផ្លូវការ ប៉ុន្តែនគរបាលបានប្រកាសថាតំបន់នោះ និងអគារ Capitol ដែលនៅក្បែរនោះត្រូវបានរឹតបន្តឹង ដោយបានធ្វើឲ្យមានការរិះគន់ពីមេដឹកនាំក្រុមអ្នកតវ៉ា។

លោក Boakai បានស្បថចូលកាន់តំណែងជាប្រធានាធិបតីកាលពីខែមករា បន្ទាប់ពីបានទទួលជ័យជម្នះក្នុងការបោះឆ្នោតជុំទី២ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ប្រជែងជាមួយអតីតប្រធានាធិបតី លោក George Weah។ កាលពីខែកុម្ភៈ រដ្ឋបាលនេះបានផ្អាកការងារមន្ត្រីជាង៤៥០នាក់ រួមមានរដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូត សម្រាប់ការខកខានមិនបានប្រកាសទ្រព្យសម្បត្តិរបស់ខ្លួនតាមកាលបរិច្ឆេទកំណត់ដោយច្បាប់ ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យប្រសើរតម្លាភាព និងដោះស្រាយអំពើពុករលួយ។
ក្រុមអ្នកតវ៉ា បាននិយាយថា ពួកគេមានការព្រួយបារម្ភអំពីការកើនឡើងតម្លៃទំនិញសម្រាប់ជីវភាពរស់នៅ ការប្រព្រឹត្តមិនត្រឹមត្រូវរបស់នគរបាល និងសម្ពាធនយោបាយលើសំឡេងអ្នកប្រឆាំង។
