អ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍បានបដិសេធថាមិនបានបញ្ជូនគ្រឿងយុទ្ធោបករណ៍ទៅកាន់ប្រទេសយេម៉ែនទេ។ អ្នកនាំពាក្យក្រសួងការបរទេស លោក Esmaeil Baghaei បានច្រានចោលការអះអាងដោយទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) ដែលថាក្រុមយោធា គេស្គាល់ថាកងកម្លាំងតស៊ូជាតិយេម៉ែន (NRF) បានរឹបអូសការដឹកជញ្ជូនអាវុធរបស់អ៊ីរ៉ង់ដ៏ច្រើនក្រាស់ក្រែលមានទិសដៅសំដៅទៅឲ្យក្រុមហ៊ួទី មានមូលដ្ឋាននៅប្រទេសយេម៉ែនថា«គ្មានមូលដ្ឋាន និងជាយុទ្ធនាការឃោសនាប្រឆាំងអ៊ីរ៉ង់» ។

លោកបាននិយាយថា «ការអះអាងដែលបានធ្វើឡើងដោយសហរដ្ឋអាមេរិក គឺស្របទៅនឹងការធ្វើឲ្យត្រឹមត្រូវចំពោះវត្តមានយោធារបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ីខាងលិច និងជាលេសសម្រាប់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល ដើម្បីបន្តឥរិយាបថបង្កើតភាពតានតឹង និងធ្វើឱ្យមានអស្ថិរភាពនៅក្នុងតំបន់ ដោយលោកបាននិយាយបញ្ជាក់ពីការទទួលខុសត្រូវដោយផ្ទាល់ចំពោះឧក្រិដ្ឋកម្មដែលនៅតែបន្តរបស់អ៊ីស្រាអែល ប្រឆាំងដែនដីប៉ាឡេស្ទីន និងនៅក្នុងប្រទេសដទៃទៀត។
ដោយថ្កោលទោសអំពើប្រល័យពូជសាសន៍របស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា និងតំបន់West Bank និង «ការឈ្លានពានដោយយោធា» របស់ប្រទេសនេះ ដាក់គោលដៅលើប្រទេសស៊ីរី និងលីបង់ ដែលគាំទ្រដោយសហរដ្ឋអាមេរិកទាំងអាវុធនិងផ្នែកនយោបាយ លោក Baghaei បាននិយាយថា ការអះអាងនេះ គ្មានអ្វីក្រៅពីបំណងលាក់ពុតដើម្បីបង្វែរមតិសាធារណៈពីបញ្ហាចម្បងរបស់តំបន់ ជាការឈ្លានពានរបស់អ៊ីស្រាអែលនិងឧក្រិដ្ឋកម្មប្រឆាំងប្រជាជន ព្រមទាំងអន្តរាគមន៍ដ៏បំផ្លាញរបស់សហរដ្ឋអាមេរិក ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខតំបន់»។
