ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាជនភៀសខ្លួនប្រទេសន័រវេស (NRC) បានបង្កើនការព្រមានអំពីស្ថានភាពមនុស្សធម៌ដែលកាន់តែយ៉ាប់យ៉ឺននៅក្នុងខេត្ត Sweida ភាគខាងត្បូងប្រទេសស៊ីរី បន្ទាប់ពីមានអំពើហិង្សាដ៏ខ្លាំងក្លាជាច្រើនថ្ងៃ និងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដោយព្រមានថាបទឈប់បាញ់ដ៏ផុយស្រួយប្រហែលជាមិនគ្រប់គ្រាន់ដើម្បីរក្សាស្ថិរភាពក្នុងតំបន់នេះទេ។
អង្គការ UNHCR បាននិយាយថា ស្ថានភាពនៅក្នុងខេត្ត Sweida កាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័ស បន្ទាប់ពីអំពើហិង្សាបានផ្ទុះឡើងកាលពីថ្ងៃអាទិត្យ ដែលពាក់ព័ន្ធទៅនឹងក្រុមប្រដាប់អាវុធក្នុងស្រុក និងក្រុមអ្នកប្រយុទ្ធកុលសម្ព័ន្ធ។ ការប៉ះទង្គិចប្រដាប់អាវុធ ការបាញ់ផ្លោង និងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងមន្ទីរពេទ្យ និងទីតាំងមនុស្សធម៌ បានបង្ខំឲ្យមនុស្សជាង២៥.០០០នាក់ភៀសខ្លួន ដោយការភៀសខ្លួននេះត្រូវបានគេប៉ាន់ស្មានថាអាចកើនឡើងដល់៦០.០០០នាក់។

យោងតាមការធ្វើបច្ចុប្បភាពដោយអង្គការ UNHCR បានឲ្យដឹងថា ភាគច្រើននៃជនភៀសខ្លួន គឺជាស្ត្រី កុមារ និងមនុស្សចាស់។ ទីជម្រកសមូហភាពចំនួន៧កន្លែងត្រូវបានបង្កើតឡើង ប៉ុន្តែស្ថានភាពនៅតែធ្ងន់ធ្ងរ ក្នុងពេលមានការដាច់ចរន្តអគ្គិសនី និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធសុខភាព។ កងកម្លាំងប្រដាប់អាវុធ តាមសេចក្តីរាយការណ៍ថាបានវាយប្រហារលើមន្ទីរពេទ្យជាតិ Sweida ដោយបានធ្វើឱ្យជនស៊ីវិល និងបុគ្គលិកពេទ្យរងរបួស ហើយត្រូវបានគេរាយការណ៍ថាបានសម្លាប់វេជ្ជបណ្ឌិតម្នាក់។
វិបត្តិកាន់តែរីកធំឡើងនៅពេលដែលយន្តហោះចម្បាំងអ៊ីស្រាអែលបើកការវាយប្រហារតាមអាកាស កាលពីថ្ងៃចន្ទ និងថ្ងៃពុធសប្តាហ៍នេះ ដោយផ្តោតលើទីតាំងយោធាប្រទេសស៊ីរីនៅខេត្ត Sweida និង ទីក្រុងដាម៉ាស។ យោធាអ៊ីស្រាអែល និយាយថា ការវាយប្រហារនេះមានគោលបំណងរារាំង «ការឈ្លានពាន» ប្រឆាំងនឹងជនជាតិភាគតិច Druze និងការពារការបង្កើនយោធានៅជិតព្រំដែនរបស់ខ្លួន។
