ប្រធានាធិបតីប្រេស៊ីល លោក Luiz Inácio Lula da Silva (លោក Lula) បានមានប្រតិកម្មតបវិញខ្លាំងៗ ចំពោះការគំរាមដំឡើងពន្ធរបស់លោក Donald Trump ដោយនិយាយថា សមភាគីអាមេរិករបស់លោក ត្រូវបានជ្រើសរើសឲ្យធ្វើជាមេដឹកនាំសហរដ្ឋអាមេរិក «មិនមែនជាអ្នកត្រួតត្រាពិភពលោក» នោះទេ។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន លិខិតដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមរបស់លោក គឺ Truth Social បានបង្ហាញថា លោក Trump បានគំរាមដាក់ពន្ធលើប្រេស៊ីលជាមួយអត្រា ៥០ភាគរយ ចាប់ពីថ្ងៃទី១ ខែសីហា។ ក្នុងលិខិតនោះ លោក Trump បានភ្ជាប់ការគំរាមកំហែងដំឡើងពន្ធនេះទៅនឹងអ្វីដែលលោកបានពិពណ៌នាថា ជាការកាត់ក្តី «បង្កប់ចេតនាអាក្រក់» ចំពោះអតីតប្រធានាធិបតីស្តាំនិយមរបស់ប្រេស៊ីល គឺលោក Jair Bolsonaro។
លោក Bolsonaro ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក Trump កំពុងប្រឈមនឹងការកាត់ទោស នៅប្រេស៊ីល ពាក់ព័ន្ធនឹងការចោទប្រកាន់ ដែលថា បានប៉ុនប៉ងផ្តួលរំលំលោក Lula ក្រោយការឈ្នះឆ្នោតប្រធានាធិបតី ក្នុងឆ្នាំ២០២២។ លោកអាចប្រឈមនឹងការជាប់ពន្ធនាគារជាង ៤ទសវត្សរ៍ ប្រសិនបើត្រូវបានរកឃើញថា មានទោសពីបទធ្វើរដ្ឋប្រហារ។

អំឡុងពេលនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ CNN ក្នុងកម្មវិធីរបស់លោកស្រី Christiane Amanpour កាលពីថ្ងៃព្រហស្បតិ៍ (ទី១៧ ខែកក្កដា) លោក Lula បាននិយាយថា ការគំរាមកំហែងរបស់លោក Trump បានងាកចេញពី «ពិធីការការទូត» ហើយបានអះអាងថា ជោគវាសនារបស់អ្នកកាន់តំណែងមុនរបស់លោក មិនអាចជាផ្នែកមួយនៃការចរចាពាណិជ្ជកម្មនោះទេ។
លោកបានបញ្ជាក់ថា៖ «អំណាចតុលាការ នៅប្រេស៊ីល គឺឯករាជ្យ។ ប្រធានាធិបតីនៃសាធារណរដ្ឋនេះមិនមានឥទ្ធិពលអ្វីទាំងអស់។ លោក Bolsonaro មិនត្រូវបានកាត់ក្ដីដោយសាររូបលោកជានរណានោះទេ។ រូបលោកត្រូវបានវិនិច្ឆ័យដោយទង្វើដែលលោកបានព្យាយាមរៀបចំរដ្ឋប្រហារ»។
ពាក់ព័ន្ធនឹងបញ្ហាអត្រាពន្ធ ឥឡូវនេះ ប្រេស៊ីលបានប្តេជ្ញាចេញវិធានការពន្ធបិដការ ប្រសិនបើលោក Trump ធ្វើតាមការគំរាមកំហែងរបស់លោក ដែលនេះជាលើកទី១ ក្នុងរយៈពេលប៉ុន្មានខែ ដែលប្រទេសមួយផ្សេងទៀត បានជំទាស់នឹងការដាក់ពន្ធរបស់លោក Trump៕
