មីយ៉ាន់ម៉ា៖ ក្រុមនគរបាលប្រដាប់ដោយអាវុធរបស់សហភាពមីយ៉ាន់ម៉ា បានឆ្មក់ចូលផ្ទះមួយកាលពីថ្ងៃអង្គារនៅក្នុងទីក្រុងបាហ្គោ (Bago) ស្ថិតនៅចម្ងាយប្រហែល ៩០គីឡូម៉ែត្រភាគឦសាន រដ្ឋធានីយ៉ាងហ្គោន (Yangon) ហើយបានចាប់ខ្លួនបុរសម្នាក់ ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកំណត់អត្តសញ្ញាណថា ជាសមាជិកនៃក្រុមការពារសន្តិសុខ របស់អតីតមេដឹកនាំរបស់ប្រទេសនេះគឺលោកស្រី Aung san Suu Kyi។

ការចាប់ខ្លួនដែលធ្វើឡើងដោយក្រុមទាហាន ប្រដាប់ដោយកាំភ្លើងវែងមួយក្រុម ត្រូវថតបានដោយកាមេរ៉ាសុវត្ថិភាព។ សហភាពមីយ៉ាន់ម៉ាត្រូវបានញាំញីដោយការតវ៉ា និងសកម្មភាពនៃការបះបោរស៊ីវិល ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ ដែលបានផ្តួលរំលំរដ្ឋាភិបាលរបស់លោកស្រី Suu Kyi ខណៈរដ្ឋាភិបាលស៊ីវិលមួយនេះ កំពុងចាប់ផ្តើមអាណត្តិទី២ របស់ខ្លួន។ យោងតាមសមាគមជំនួយឯករាជ្យ សម្រាប់អ្នកទោសនយោបាយឲ្យដឹងថា បាតុករយ៉ាងហោចណាស់ ៦០នាក់ត្រូវបានសម្លាប់ ចាប់តាំងពីការដណ្ដើមក្ដោបក្ដាប់អំណាច ពីសំណាក់របបសឹកយោធាមីយ៉ាន់ម៉ា៕
អត្ថបទ៖ សុខមាន