ឥណ្ឌា៖ យោងតាមអាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា អ្នកដំណើរជាច្រើននាក់នៅលើជើងហោះហើរពិសេសពីប្រទេសអ៊ីតាលីទៅកាន់ទីក្រុង Amritsar ភាគខាងជើងប្រទេសឥណ្ឌាបានធ្វើតេស្តវិជ្ជមានវីរុស COVID-19 នៅពេលចុះចត។ ភាពអ៊ូអរនៃភាពវឹកវរបានកើតឡើងនៅខាងក្រៅអាកាសយានដ្ឋានអន្តរជាតិ Guru Ram Das Ji នៅពេលដែលអ្នកដំណើរ ១២៥នាក់ក្នុងចំណោម ១៧៩នាក់នៅលើជើងហោះហើរពីទីក្រុង Milan មិនត្រូវបានអនុញ្ញាតឱ្យចេញមកខាងក្រៅភ្លាមៗនោះទេ បន្ទាប់ពីមន្ត្រីបានប្រាប់ពួកគេថា ពួកគេបានធ្វើតេស្តវិជ្ជមានវីរុស COVID-19។

យោងតាមមន្ត្រីរដ្ឋបាលម្នាក់បានឲ្យដឹងថា អ្នកដំណើរដែលឆ្លងវីរុសត្រូវបានដាក់ចូលទៅក្នុងរថយន្តសង្គ្រោះបន្ទាន់ ហើយត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌល ឬមន្ទីរពេទ្យនៅក្នុងតំបន់គោលដៅរបស់ពួកគេ។ អ្នកដំណើរជាច្រើនបានខឹងសម្បារចំពោះការឃុំខ្លួនពួកគេនៅអាកាសយានដ្ឋានមួយរយៈពេលខ្លី ដោយទទូចថាពួកគេបានធ្វើតេស្តអវិជ្ជមាន មុនពេលពួកគេចាកចេញពីប្រទេសអ៊ីតាលី។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ក្នុងពេលមានភាពច្របូកច្របល់អ្នកដំណើរ ១៣នាក់បានរត់គេចខ្លួនចេញពីព្រលានយន្តហោះ ឬមន្ទីរពេទ្យដែលពួកគេត្រូវបានរៀបចំដាក់ធ្វើចត្តាឡីស័ក៕
អត្ថបទ៖ ប៊ុនថន