ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់លើកទី៥០ ឯកឧត្តម សេង សុមុនី រដ្ឋលេខាប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បាន ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងនឹករលឹករបស់ឯកឧត្តមរដ្ឋមន្ត្រីចំពោះអាចារ្យ អាចារិនី ទាំងអស់ផងដែរ ហើយបានបញ្ជាក់ថាក្រសួងធម្មការ និងសាសនា បាននឹងកំពុងបន្ត បើកវគ្គបណ្តុះបណ្តាល ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
ឯកឧត្តម បានបន្ថែមថា ក្រសួងធម្មការនិងសាសនា ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោកបានយកចិត្តទុកដាក់ ជំរុញ និងលើកទឹកចិត្តដល់គ្រប់ជំនាញពាក់ព័ន្ធ ឲ្យបន្តបំពេញភារកិច្ចបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសដល់អាចារ្យខ្មែរ ឱ្យមានការឯកភាពគ្នាក្នុងការដឹកនាំពិធីកម្មនានា តាមទម្រង់ទំនៀមទម្លាប់ ប្រពៃណី រក្សាឱ្យបាននូវអត្តសញ្ញាណជាតិ អភិរក្សមរតកវប្បធម៌ខ្មែរ ឲ្យបានគង់វង្ស ក្នុងព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម បានលើកឡើងថា តាមប្រសាសន៍របស់ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា លោកបានផ្តល់អនុសាសន៍ណែនាំ និងសំណូមពរ មកដល់សិក្ខាកាមទាំងអស់ សូមយកចំណេះវិជ្ជាដែលបានមកបំពេញបន្ថែមកន្លងទៅនេះ យកទៅដឹកនាំកម្មវិធីផ្សេងៗឲ្យបានត្រឹមត្រូវ និងចែករំលែកបទពិសោធន៍ដល់គ្នាទៅវិញទៅមក ទៅតាមពិធីកម្មនានា ទាំងផ្នែកសាសនពិធី ក៏ដូចជាពិធីប្រពៃណី ទំនៀមទំលាប់ជាតិផងដែរ។
នាឱកាសនេះ លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៥០ ក្នុងពេលនេះ គឺសិក្សារយៈពេល៥ថ្ងៃ ដែលមានគ្រូឧទ្ទេសចំនួន១៩រូប សិក្សាលើ១៨មុខវិជ្ជា ដោយចែកចេញជា៤ផ្នែកធំៗដូចជា៖ ការគ្រប់គ្រង, វិជ្ជាហោរាសាស្រ្ត, ពិធីបុណ្យសព និងទម្រង់អាពាហ៍ពិពាហ៍ខ្មែរ បានបញ្ចប់ទៅដោយរលូននឹងជោគជ័យដូចការរំពឹងទុក។
សូមជម្រាបជូនថា ពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៥០ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា សិក្ខាកាមជាព្រះមន្រ្តីសង្ឃ អាចារ្យ អាចារិនី មកពីរាជធានី-ខេត្ត ចំនួន២៣៣ អង្គ/នាក់ ក្នុងនោះព្រះសង្ឃ២៦អង្គ និងស្រ្តី៩នាក់ នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង៕
អត្ថបទ រដ្ឋា





