រុស្ស៊ី៖ ប្រទេសរុស្ស៊ី និងប្រទេសដទៃទៀតនៃសម្ព័ន្ធភាពអង្គការសន្ធិសញ្ញាសន្តិសុខរួម (CSTO) បានបញ្ជូនកងទ័ពទៅកាន់ប្រទេសកាហ្សាក់ស្ថានកាលពីថ្ងៃសុក្រ បន្ទាប់ពីការតវ៉ារាលដាលខ្លាំងនៅក្នុងប្រទេសអាស៊ីកណ្តាលមួយនេះ។ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ចេញវីដេអូដែលបង្ហាញពីអ្វីដែលខ្លួនបាននិយាយថា ទាហានរុស្ស៊ីមកដល់អាកាសយានដ្ឋានទីក្រុង Almaty ក្នុងប្រទេសកាហ្សាក់ស្ថាន។

ប្រទេសកាហ្សាក់ស្ថានកំពុងជួបប្រទះការតវ៉ាដ៏អាក្រក់បំផុត ចាប់តាំងពីប្រទេសនេះទទួលបានឯករាជ្យពីសហភាពសូវៀតកាលពីបីទសវត្សរ៍មុន។ បាតុកម្មបានចាប់ផ្តើមឡើងជុំវិញការកើនឡើងតម្លៃប្រេងឥន្ធនៈថ្លៃជិតទ្វេរដង ហើយបាតុកម្មបានរាលដាលឆាប់រហ័សនៅទូទាំងប្រទេស ដោយបង្ហាញពីការមិនសប្បាយចិត្តកាន់តែខ្លាំងឡើង ចំពោះការគ្រប់គ្រងរបស់គណបក្សតែមួយចាប់តាំងពីទទួលបានឯករាជ្យ។ ការតវ៉ាបានប្រែក្លាយជាហិង្សាដោយអគាររដ្ឋាភិបាលត្រូវបានដុតបំផ្លាញ ហើយបាតុករ និងមន្ត្រីអនុវត្តច្បាប់ជាច្រើននាក់បានស្លាប់ និងរងរបួស។
ប្រធានាធិបតីកាហ្សាក់ស្ថានលោក Kassym-Jomart Tokayev ប្តេជ្ញាឆ្លើយតបកាន់តែតឹងរ៉ឹង ដោយលោកបានអំពាវនាវដល់សម្ព័ន្ធភាពអង្គការសន្ធិសញ្ញាសន្តិសុខរួម (CSTO) ឱ្យជួយ។ មន្ត្រីកាហ្សាក់ស្ថានបានទទូចថា កងទ័ពមកពីសម្ព័ន្ធមិត្តដែលរួមមានអតីតសាធារណរដ្ឋសូវៀតមួយចំនួន នឹងមិនប្រយុទ្ធជាមួយបាតុករនោះទេ ហើយជំនួសដោយការការពារស្ថាប័នរដ្ឋាភិបាល៕
អត្ថបទ៖ ប៊ុនថន