បណ្តាប្រទេសសហភាពអឺរ៉ុប (EU) នៅថ្ងៃសុក្រ (ទី១៨ ខែកក្កដា) នេះ បានព្រមព្រៀងជាផ្លូវការលើកញ្ចប់ទណ្ឌកម្មថ្មី ដែលដាក់លើរុស្ស៊ី ពាក់ព័ន្ធនឹងសង្គ្រាម នៅប្រទេសអ៊ុយក្រែន ក្នុងនោះរួមទាំងការបញ្ចុះតម្លៃលើការនាំចេញប្រេងរបស់ទីក្រុងមូស្គូផងដែរ។
ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជុំទី១៨ លើរុស្ស៊ី គិតចាប់តាំងពីមានការលុកលុយឆ្នាំ២០២២ ត្រូវបានយល់ព្រម បន្ទាប់ពីស្លូវ៉ាគីបានទម្លាក់ការរារាំងរយៈពេលមួយសប្តាហ៍ ក្រោយមានកិច្ចពិភាក្សាជាមួយទីក្រុងប៊្រុចសែល ជុំវិញផែនការដាច់ដោយឡែក ដើម្បីបញ្ឈប់ការនាំចូលឧស្ម័នពីរុស្ស៊ីបន្តិចម្ដងៗ។

ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas បានប្រាប់ឲ្យដឹងថា៖ «សហភាពអឺរ៉ុបទើបតែបានអនុម័តកញ្ចប់ទណ្ឌកម្មមួយ ក្នុងចំណោមទណ្ឌកម្មដ៏ខ្លាំងបំផុតរបស់ខ្លួន ប្រឆាំងនឹងប្រទេសរុស្ស៊ី»។
លោកស្រី Kallas បានបន្ថែមថា៖ «រាល់ការដាក់ទណ្ឌកម្មនីមួយៗ ធ្វើឲ្យសមត្ថភាពបង្កសង្គ្រាមរបស់រុស្ស៊ីចុះខ្សោយ។ ហើយសារនេះគឺច្បាស់លាស់ណាស់ ដែលថា អឺរ៉ុបនឹងមិនងាកចេញពីការគាំទ្រអ៊ុយក្រែនឡើយ។ EU នឹងបន្តដាក់សម្ពាធខ្លាំងឡើងៗ រហូតដល់រុស្ស៊ីបញ្ចប់សង្រ្គាម»។
រដ្ឋមន្ត្រីការបរទេស លោក Jean-Noël Barrot បានឲ្យដឹងនៅលើបណ្ដាញសង្គម X ថា «រួមគ្នាជាមួយសហរដ្ឋអាមេរិក យើងនឹងបង្ខំឲ្យ (ប្រធានាធិបតីរុស្ស៊ី) លោក Vladimir Putin ឈានដល់បទឈប់បាញ់» ដោយពណ៌នាការដាក់ទណ្ឌកម្មថ្មីនេះថា «មិនធ្លាប់មានពីមុនមកឡើយ»។
ជាផ្នែកនៃទណ្ឌកម្មថ្មីដែលត្រូវបានរៀបចំឡើង ដើម្បីបំផ្លាញចំណុចស្នូលនៃសង្រ្គាមរបស់រុស្ស៊ី អ្នកការទូតបានលើកឡើងថា EU បានយល់ព្រមបញ្ចុះតម្លៃប្រេងរុស្ស៊ីដែលនាំចេញទៅកាន់ប្រទេសទី៣ ជុំវិញពិភពលោក ឲ្យនៅក្រោមតម្លៃទីផ្សារ ១៥ភាគរយ៕
