នៅរសៀលថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ទីប្រឹក្សា និងជាបេសកជនពិសេស សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ទៅសិក្សានៅប្រទេសហុងគ្រី ចំនួន ១៦រូប ចូលជួបសម្ដែងការគួរសម នៅទីស្នាក់ការកណ្ដាលនៃក្រុមហ៊ុន ទ្រី ភាព គ្រុប។

នៅក្នុងជំនួបនេះដែរ ឯកឧត្តម លោកអ្នកឧកញ៉ា បណ្ឌិត បានមានប្រសាសន៍លើកឡើងថា តាមរយៈអាហារូបករណ៍នេះ គឺបានឆ្លុះបញ្ចាំងពីសមត្ថភាពរបស់ក្មួយៗយុវជន និងជាពិសេស ការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជាតាំងពីអាណត្តិមុនៗ ដឹកនាំដោយសម្ដេចតេជោអតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តមកដល់អាណត្តិថ្មី ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន ក្នុងការលើកកម្ពស់ និងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស។ បន្ថែមលើនេះទៀត លោកអ្នកឧកញ៉ាបណ្ឌិត បានផ្ដាំផ្ញើដល់ក្មួយៗនិស្សិតថា ក្មួយៗគ្រប់រូបត្រូវក្ដាប់ឱកាសនេះឱ្យជាប់ ហើយត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងសិក្សាក្រេបយកចំណេះដឹងតាមជំនាញរៀងៗខ្លួន ជាពិសេសពេលបានបញ្ចប់ការសិក្សា ត្រូវយកចំណេះដឹងទាំងនោះមកធ្វើការចែករំលែក និងចូលរួមអភិវឌ្ឍប្រទេសរបស់យើង ដើម្បីជាការតបស្នងសងគុណដល់ឪពុកម្ដាយ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ពីព្រោះថា បើគ្មានគណបក្សប្រជាជនកម្ពុជាទេ ប្រទេសយើងក៏មិនមានសុខសន្តិភាព និងការអភិវឌ្ឍដែរ ហើយសន្តិភាព និងការអភិវឌ្ឍនេះហើយ ដែលផ្ដល់ឱ្យក្មួយៗរស់នៅបានស្រួល និងមានឱកាសបានទៅសិក្សានៅបរទេសដូចពេលនេះ។
បន្ទាប់ពីការផ្ដល់នូវប្រសាសន៍ណែនាំដ៏មានអត្ថន័យរួចមកលោកអ្នកឧកញ៉ា បណ្ឌិត ក៏មានអំណោយជាថវិកាមួយចំនួនសម្រាប់ក្រុមនិសិត្សទាំង១៦ រូប នេះផងដែរ៕










