ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr នឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក នាសប្តាហ៍ក្រោយ ដោយមានសារយ៉ាងច្បាស់លាស់ទៅកាន់លោកប្រធានាធិបតី Donald Trump ថា ប្រទេសហ្វីលីពីន ត្រូវតែមានសេដ្ឋកិច្ចរឹងមាំ ប្រសិនបើចង់ក្លាយជាដៃគូដ៏ខ្លាំងក្លាពិតប្រាកដជាមួយគ្នា។
ដំណើរទស្សនកិច្ចនេះ ដែលជាលើកដំបូងរបស់ប្រមុខរដ្ឋនៃប្រទេសសមាជិកអាស៊ាន (ASEAN) គិតចាប់តាំងពីលោក Trump ឡើងកាន់តំណែងកាលពីខែមករា នឹងផ្តោតលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដោយលោក Marcos រំពឹងថា នឹងពិភាក្សាអំពីក្ដីបារម្ភ ជុំវិញការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកលើការនាំចេញរបស់ហ្វីលីពីន។

អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី Raquel Solano បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «ដំណើរទស្សនកិច្ចផ្លូវការរបស់លោកប្រធានាធិបតី ក៏មានគោលបំណងផងដែរ ក្នុងការដោះស្រាយបញ្ហាពន្ធរបស់សហរដ្ឋអាមេរិកដែលបានស្នើឡើង ដើម្បីដាក់លើការនាំចេញរបស់ហ្វីលីពីន»។
គួរបញ្ជាក់ថា លោក Trump បានដាក់ចេញពន្ធបដិការលើការនាំចេញរបស់ហ្វីលីពីនដល់ ២០ភាគរយ នៅក្នុងខែនេះ ដោយដំឡើងពីកម្រិត ១៧ភាគរយ កាលពីខែមេសា៕
