ក្រុមមន្ត្រី នៅថ្ងៃសុក្រ (ទី១៨ ខែកក្កដា) បានប្រាប់ឲ្យដឹងថា ភ្នាក់ងារគយរុស្ស៊ី បានចាប់ខ្លួនស្ត្រីជនជាតិអាមេរិកដើមកំណើតរុស្ស៊ីម្នាក់ នៅអាកាសយានដ្ឋាន ក្នុងទីក្រុងមូស្គូ ពីបទព្យាយាមនាំយកកាំភ្លើងចូលប្រទេសតាមវ៉ាលិសរបស់ខ្លួន។
ទីភ្នាក់ងារគយសហព័ន្ធរបស់រុស្ស៊ី បានប្រាប់ថា ស្ត្រីសញ្ជាតិ ២ រូបនោះ កំពុងធ្វើដំណើរពីសហរដ្ឋអាមេរិក តាមប្រទេសទួរគី ហើយត្រូវបានឃាត់ខ្លួននៅអាកាសយានដ្ឋាន Vnukovo ក្នុងទីក្រុងមូស្គូ។
ទីភ្នាក់នេះ បានឲ្យដឹងនៅលើបណ្ដាញសង្គមថា៖ «មន្រ្តីគយ នៅអាកាសយានដ្ឋាន Vnukovo បានឃាត់ទុកកាំភ្លើងខ្លីនាំចូលដោយខុសច្បាប់ និងមូលប្បទានប័ត្រធនាគារដែលមានតម្លៃ ១៣៨.០០០ដុល្លារ»។
ទីភ្នាក់ងារគយ បានបញ្ជាក់ថា មន្រ្តីបានឃាត់ខ្លួនស្ត្រីរូបនោះ ក្នុងអំឡុងពេលឆែកឆេរត្រួតពិនិត្យព្រាវៗ នៅច្រករបៀងពណ៌បៃតងរបស់អាកាសយានដ្ឋានប្រើប្រាស់ដោយអ្នកដំណើរ ដែលមិនមានទំនិញត្រូវប្រកាស។
ទីភ្នាក់ងារបានប្រាប់ថា៖ «វ៉ាលិសត្រូវបានរកឃើញថា មានកាំភ្លើងប្រភេទ Colt Commander របស់អាមេរិក ជាមួយនឹងបង់ទទេចំនួន ៣»។
ស្ត្រីរូបនេះ ដែលរស់នៅសហរដ្ឋអាមេរិក បាននិយាយថា រូបនាងមិនបានដឹងអំពីការតម្រូវឲ្យប្រកាសទំនិញនោះទេ។ ប្រទេសរុស្ស៊ី ដែលមានច្បាប់តឹងរ៉ឹង ក្នុងការគ្រប់គ្រងកាំភ្លើង បានបើកសំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងស្ត្រីរូបនេះ ពីបទរត់ពន្ធអាវុធ៕