ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានប្រាប់ឲ្យដឹងថា លោកបានពិភាក្សាអំពីការផ្គត់ផ្គង់មីស៊ីល និងមូលនិធិ សម្រាប់យានដ្រូនស្ទាក់ចាប់ ដើម្បីទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី ក្នុងអំឡុងពេលសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron នាថ្ងៃសុក្រ (ទី១៨ ខែកក្កដា) នេះ។
នៅលើបណ្ដាញសង្គម X អមដោយការបន្ថែមថា មេដឹកនាំទាំង២ ក៏បានសម្របសម្រួលជំហាននយោបាយបន្ទាប់ផងដែរនោះ លោក Zelenskyy បានឲ្យដឹងថា៖ «ជាពិសេសនោះ ខ្ញុំចង់បញ្ជាក់ពីកិច្ចព្រមព្រៀងរបស់យើង ពាក់ព័ន្ធនឹងការបណ្តុះបណ្តាលអ្នកបើកយន្តហោះ សម្រាប់យន្តហោះ Mirage ដោយប្រទេសបារាំងបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីបណ្តុះបណ្តាលអ្នកបើកយន្តហោះជាច្រើនរូបបន្ថែម ដោយប្រើប្រាស់យន្តហោះបន្ថែមជាច្រើនគ្រឿងទៀត»។
ការជជែកគ្នាចុងក្រោយបំផុត រវាងលោក Zelenskyy និងលោក Macron បានកើតឡើងនៅពេលដែលសហភាពអឺរ៉ុប (EU) បានព្រមព្រៀងលើកញ្ចប់ទណ្ឌកម្មទី១៨ ប្រឆាំងនឹងរុស្ស៊ី ជុំវិញសង្រ្គាម នៅអ៊ុយក្រែន ក្នុងនោះរួមទាំងវិធានការ ដែលមានគោលបំណងផ្ដល់ផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់ឧស្សាហកម្មប្រេង និងថាមពលរបស់រុស្ស៊ី៕