រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi នៅថ្ងៃសុក្រ (ទី១៨ ខែកក្កដា) នេះ បានប្រាប់សមភាគីអឺរ៉ុបរបស់លោកថា ប្រទេសទាំងនេះមិនមានហេតុផលអ្វី ក្នុងការធ្វើឲ្យទណ្ឌកម្មមានឡើងវិញភ្លាមៗរបស់អង្គការសហប្រជាជាតិ (UN) ដំណើរការនោះទេ បន្ទាប់ពីបានគំរាមធ្វើដូច្នេះ ក្នុងប៉ុន្មានខែខាងមុខនេះ ប្រសិនបើមិនមានវឌ្ឍនភាពនៅក្នុងកិច្ចចរចានុយក្លេអ៊ែរ។
លោក Araghchi បានលើកឡើងនៅលើបណ្ដាញសង្គម X ថា៖ «ប្រសិនបើ EU (សហភាពអឺរ៉ុប) ឬ E3 (បារាំង អាល្លឺម៉ង់ និងអង់គ្លេស) ចង់មានតួនាទី ពួកគេគួរតែចាត់វិថានការប្រកបដោយការទទួលខុសត្រូវ ហើយទុកដោយឡែកនូវគោលនយោបាយដែលគ្មានការគំរាមកំហែង និងសម្ពាធ ក្នុងរួមទាំងទណ្ឌកម្មមានឡើងវិញភ្លាមៗ ដែលពួកគេប្រាកដណាស់មិនមានហេតុផលសីលធម៌ (ឬ) ផ្លូវច្បាប់អ្វីឡើយ»។
លោកបានបន្ថែមថា៖ «រាល់ការចរចារថ្មី គឺអាចធ្វើទៅបាន លុះត្រាណាតែភាគីម្ខាងទៀតត្រៀមខ្លួន សម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរប្រកបដោយយុត្តិធម៌ តុល្យភាព និងផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក»។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោកបែបនេះ បានកើតមានបន្ទាប់ពីលោក Araghchi បានធ្វើសន្និសីទមួយជាមួយសមភាគីអង់គ្លេស បារាំង និងអាល្លឺម៉ង់ និងប្រធានគោលនយោបាយការបរទេស EU លោកស្រី Kaja Kallas៕