នាយករដ្ឋមន្ត្រីបារាំង លោក Francois Bayrou ត្រូវតែបញ្ចុះបញ្ចូលសមាជិកសភាក្រុមប្រឆាំងរបស់កណបក្សសង្គមនិយម (Socialist Party) នៅប៉ុន្មានខែខាងមុខនេះ ដើម្បីឲ្យទទួលយកវិធានការកាត់បន្ថយថវិកាចំនួន ៤៤ពាន់លានអឺរ៉ូរបស់លោក ឬបើមិនដូច្នោះទេ រូបលោកប្រឈមនឹងហានិភ័យនៃការធ្លាក់ចេញពីតំណែង។
លោក Bayrou កំពុងនាំយកសំណើថវិកាឆ្នាំ២០២៦ របស់លោក ទៅកាន់រដ្ឋសភាដែលមានការបែកបាក់ ជាកន្លែងដែលគណបក្សឆ្វេងនិយមដ៏តឹងរ៉ឹង និងស្តាំនិយមជ្រុល គំរាមដាក់ញត្តិដកសេចក្ដីទុកចិត្តប្រឆាំងនឹងរូបលោក ប្រសិនបើលោកមិនមានការកែប្រែអ្វីធំដុំទេនោះ។
តែប្រសិនបើលោកអាចបញ្ចុះបញ្ចូលគណបក្សសង្គមនិយមបាន ពោលគឺយ៉ាងហោចណាស់បញ្ចៀសកុំឲ្យមានការគាំទ្រដល់ញត្តិបែបនេះនោះ រដ្ឋាភិបាលសំឡេងភាគតិចរបស់លោក Bayrou អាចទទួលបានការយល់ស្របលើសំណើថវិកានោះ ដែលមានន័យថា លោកត្រូវតែកែប្រែសេចក្ដីស្នើច្បាប់ថវិកាឡើងវិញឲ្យមានលក្ខណៈគ្រប់គ្រាន់សមស្រប ដើម្បីឲ្យច្បាប់នោះទទួលបានការអនុម័ត។
អ្នកនយោបាយនឹងវិស្សមកាលរដូវក្តៅ ដោយសភានឹងឈប់សម្រាក រហូតដល់ថ្ងៃទី២២ ខែកញ្ញា ដែលផ្តល់ពេលវេលាយ៉ាងមានប្រសិទ្ធភាពឲ្យលោក Bayrou រយៈពេល ២ខែ ដើម្បីប្រឹងប្រែងបន្ទន់ជំហរប្រឆាំងរបស់គណបក្សសង្គមនិយម ចំពោះផែនការរបស់លោក។
លោក Bayrou មានបំណងកាត់បន្ថយឱនភាពថវិការបស់ប្រទេសបារាំង ដែលជាតំបន់ចាយប្រាក់អឺរ៉ូដ៏ធំបំផុតជាងគេ ពី ៥,៤ភាគរយ ឲ្យដល់កម្រិត ៣ភាគរយនៃ GDP (ផលិតផលក្នុងស្រុកសរុប) របស់សហភាពអឺរ៉ុប នៅឆ្នាំ២០២៩។ កញ្ចប់ថវិកាចំនួន ៤៣,៨ពាន់លានអឺរ៉ូ (៥១ពាន់លានដុល្លារ) របស់លោក បានបន្ថយការចំណាយមិនមែនការពារជាតិភាគច្រើន និងលុបបំបាត់ថ្ងៃឈប់សម្រាកសាធារណៈចំនួន ២៕