ចាប់តាំងពីទទួលបានបទបញ្ជាលេខ ០១បប របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចខេត្តពោធិ៍សាត់ បានធ្វើការឃាត់ខ្លួន និងសង្គ្រោះជនបរទេស សរុបចំនួន១០២នាក់ ក្នុងនោះមានជនជាតិវៀតណាមចំនួន ៩៩នាក់ និងជនជាតិចិនចំនួន៣នាក់ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
ឯកឧត្ដម ខូយ រីដា អភិបាលខេត្ត បានបញ្ជាក់ថា គណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ បាននឹងកំពុងអនុវត្តន៍នូវបទបញ្ជា ០១បប នេះ យ៉ាងម៉ឺងម៉ាត និងប្តេជ្ញាធ្វើការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) មិនឲ្យមានក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ។ ឯកឧត្ដម អភិបាលខេត្ត បានលើកទឹកចិត្តកម្លាំងសមត្ថកិច្ចខេត្តពោធិ៍សាត់ បន្តខិតខំបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ។



