ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានណែនាំមន្ត្រីសន្តិសុខជាន់ខ្ពស់ដែលទើបតែងតាំងថ្មីរបស់លោកដើម្បីជួយពន្លឿនការចរចាដោយផ្ទាល់ជាមួយរុស្ស៊ី។ ការចរចា បានជាប់គាំងចាប់តាំងពីការពិភាក្សាជុំមួយកាលពីខែមុននៅក្នុងប្រទេសទួរគី។

នៅក្នុងការបង្ហោះតាមបណ្តាញផ្សព្វផ្សាយសង្គមកាលពីថ្ងៃសុក្រ លោក Zelenskiy បាននិយាយថា ដំណើរការសន្តិភាពត្រូវការ «សន្ទុះបន្ថែមទៀត»។ លោកនិយាយថា លោកបានស្នើឱ្យប្រធានក្រុមប្រឹក្សាសន្តិសុខនិងការពារជាតិ លោក Rustem Umerov «បង្កើនដំណើរការចរចារ»។ លោក Umerov បានដឹកនាំគណៈប្រតិភូអ៊ុយក្រែននៅក្នុងកិច្ចពិភាក្សាកាលពីពេលមុនក្នុងតំណែងអតីតរបស់លោកជារដ្ឋមន្ត្រីការពារជាតិ។
លោក Zelenskiy ទំនងជាកំពុងធ្វើការដើម្បីពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។ នៅក្នុងបទសម្ភាសន៍ជាមួយកាសែត New York Post លោកបាននិយាយថា ភាគីទាំងពីរកំពុងពិចារណានូវអ្វីដែលលោកហៅថា «កិច្ចព្រមព្រៀងដ៏ធំ»។

លោក Keith Kellogg បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក Donald Trump ប្រចាំប្រទេសអ៊ុយក្រែន បានធ្វើទស្សនកិច្ចរយៈពេលមួយសប្តាហ៍ទៅកាន់ប្រទេសនេះ។ លោកបានពិនិត្យមើលយានដ្រូនដែលផលិតដោយអ៊ុយក្រែន។
លោកបានពណ៌នាយានដ្រូនថាជា «នវានុវត្តន៍ដ៏អស្ចារ្យ» ដែលសាកសមនឹងយុគសម័យថ្មីនៃសង្គ្រាម។ លោកបាននិយាយថា បច្ចេកវិទ្យានេះអាចត្រូវបានដាក់បញ្ចូលទៅក្នុងឧស្សាហកម្មការពារជាតិរបស់សហរដ្ឋអាមេរិក។