ការផ្ទុះមួយនៅឯទីតាំងហ្វឹកហ្វឺនរបស់អង្គភាពតម្រួតតំបន់ទីក្រុង Los Angeles កាលពីថ្ងៃសុក្របានសម្លាប់នាយរងបីនាក់។ អង្គភាពបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការផ្ទុះបានកើតឡើងនៅឯមជ្ឈមណ្ឌលហ្វឹកហ្វឺន Biscailuz Center Academy Training នៅទីក្រុង Los Angeles ខាងកើតប៉ុន្តែពុំបានបង្ហាញព័ត៌មានលម្អិតបន្ថែមនោះទេ។

កាសែត Los Angeles Times ដែលបានដកស្រង់ប្រភពផ្នែកអនុវត្តច្បាប់បានរាយការណ៍ថា ការផ្ទុះនេះបានកើតឡើងនៅពេលក្រុមទទួលបន្ទុកគ្រាប់បែកបានរុះរើគ្រឿងផ្ទុះមួយចំនួន។
តម្រួត លោក Robert Luna បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានដោយបានបដិសេធមិនបង្ហាញព័ត៌មានលម្អិត ប៉ុន្តែបាននិយាយថា តំបន់ដែលការផ្ទុះបានកើតឡើងត្រូវបានគេចាត់ទុកថាមានសុវត្ថិភាពវិញហើយសម្រាប់អ្នកស៊ើបអង្កេតដើម្បីចូលទៅពិនិត្យ។
ឈ្មោះរបស់ជនរងគ្រោះមិនត្រូវបានបញ្ចេញនោះទេ ប៉ុន្តែ លោក Luna បាននិយាយថា ពួកគេទាំងអស់សុទ្ធតែជាអតីតយុទ្ធជនដែលមានបទពិសោធន៍។

លោក Luna បាននិយាយថា «វាគួឲ្យសោកស្តាយ ចំពោះការបាត់បង់ជីវិតមនុស្សដ៏ធំបំផុតសម្រាប់ពួកយើងក្នុងអង្គភាពតម្រួតតំបន់ទីក្រុង Los Angeles ចាប់តាំងពីឆ្នាំ១៨៥៧ មក។ តម្រួតបាននិយាយថា ការកំណត់មូលហេតុនៃការផ្ទុះអាចចំណាយពេលច្រើនថ្ងៃ ឬច្រើនសប្តាហ៍ ប៉ុន្តែបានប្តេជ្ញាធ្វើការស៊ើបអង្កេតពេញលេញ។