
ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា ឯកឧត្ដម ប្រាក់ សុខុន បញ្ជាក់ថា មេដឹកនាំយោធាមីយ៉ាន់ម៉ា នាយឧត្ដមសេនីយ៍ មីន អ៊ុងឡាំង បានសម្រេចបន្តបទឈប់បាញ់គ្នារហូតដល់ចុងឆ្នាំ២០២២នេះ ខណៈដែលបទឈប់បាញ់គ្នានៅប្រទេសមួយនេះ នឹងបញ្ចប់ទៅនៅខែកុម្ភៈខាងមុខនេះ។
រដ្ឋមន្ត្រីការបរទេសកម្ពុជាឯកឧត្ដម ប្រាក់ សុខុន បានបញ្ជាក់បែបនេះនៅក្នុងសន្និសីទសារព័ត៌មាននៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅថ្ងៃនេះ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅប្រទេសមីយ៉ាន់ម៉ា។
ប្រតិភូកម្ពុជាដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បានធ្វើដំណើរទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃម្សិលមិញនេះ ដោយបានជួបពិភាក្សាជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ា នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អ៊ុងឡាំង។
នៅក្នុងសន្និសីទនោះ ឯកឧត្ដមប្រាក់ សុខុន បញ្ជាក់ថា នាយឧត្ដមសេនីយ៍ មីន អ៊ុងឡាំង បានប្រកាសជាឯកតោភាគីនូវការពន្យាឈប់បាញ់គ្នារហូតដាច់ឆ្នាំ២០២២នេះ។
បើតាមប្រមុខការទូតកម្ពុជា បទឈប់គ្នាមួយរវាងក្រុមយោធាភូមា និងក្រុមតស៊ូប្រដាប់អាវុធនៅមីយ៉ាន់ម៉ា នឹងត្រូវបញ្ចប់នៅក្នុងខែកុម្ភៈខាងមុខនេះ។
ក្រុមយោធាមីយ៉ាន់ម៉ា បានឡើងកាន់អំណាចគ្រប់គ្រងប្រទេសសមាជិកអាស៊ានមួយនេះចាប់តាំងពីក្រោយរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលដឹកនាំដោយអ្នកស្រី អ៊ុងសាន ស៊ូជី កាលពីដើមខែកុម្ភៈឆ្នាំ២០២១កន្លងមកនេះ៕