ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃសុក្រ (ទី១៨ ខែកក្កដា) បាននិយាយថា ចំណាប់ថ្នូរ ១០នាក់ផ្សេងទៀត នឹងត្រូវបានដោះលែងពីតំបន់ហ្កាហ្សា ក្នុងពេលឆាប់ៗនេះ តែមិនផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។

លោក Trump បានធ្វើអត្ថាធិប្បាយបែបនេះ ក្នុងអំឡុងពេលបរិភោគអាហារពេលល្ងាចជាមួយសមាជិកសភា នៅសេតវិមាន ដោយក្នុងឱកាសនោះបានពោលសរសើរចំពោះកិច្ចប្រឹងប្រែងរបស់បេសកជនពិសេសរបស់លោក គឺលោក Steve Witkoff។
គួរបញ្ជាក់ថា អ្នកចរចាអ៊ីស្រាអែល និងក្រុមហាម៉ាសបានចូលរួមក្នុងកិច្ចចរចាបទឈប់បាញ់ចុងក្រោយ នៅទីក្រុងដូហា ប្រទេសកាតា ចាប់តាំងពីថ្ងៃទី៦ ខែកក្កដាមក ដោយពិភាក្សាលើសំណើដែលគាំទ្រដោយសហរដ្ឋអាមេរិក សម្រាប់បទឈប់បាញ់រយៈពេល ៦០ថ្ងៃ។
លោក Trump បាននិយាយថា៖ «យើងបានជួយឲ្យចំណាប់ថ្នូរភាគច្រើនត្រលប់មកវិញ។ យើងនឹងទទួលបាន ១០នាក់ទៀត ក្នុងពេលឆាប់ៗនេះ ហើយយើងសង្ឃឹមថា នឹងបញ្ចប់កិច្ចការយ៉ាងឆាប់រហ័ស»។
មេដឹកនាំអាមេរិករូបនេះបានព្យាករជាច្រើនសប្តាហ៍មកហើយថា កិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះលែងចំណាប់ថ្នូរកាន់តែជិតកើតឡើងហើយ ប៉ុន្តែយ៉ាងណាក្ដី ដំណើរការបានបង្ហាញឲ្យឃើញពីភាពពិបាកក្នុងការឈានដល់កិច្ចព្រមព្រៀងណាស់។
អ្នកនាំពាក្យរបស់កងកម្លាំងប្រដាប់អាវុធនៃក្រុមហាម៉ាស ដែលជាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនគ្រប់គ្រងតំបន់ហ្កាហ្សា កាលថ្ងៃទី១៨ ខែកក្កដា បានបញ្ជាក់ថា ក្រុមចង់ឈានដល់បទឈប់បាញ់បណ្តោះអាសន្ន ក្នុងសង្គ្រាម នៅតំបន់ហ្កាហ្សា ប៉ុន្តែអាចប្ដូរទៅជាទទូចឲ្យមានកិច្ចព្រមព្រៀងទាំងស្រុង ប្រសិនបើកិច្ចព្រមព្រៀងបែបនេះមិនត្រូវបានឈានដល់នៅក្នុងការចរចាបច្ចុប្បន្នទេនោះ៕

