ដោយស្លៀកខោខូវប៊យខ្មៅគ្របឧបករណ៍តាមដានលើកជើងដែលត្រូវបានភ្ជាប់ នៅប៉ុន្មានម៉ោងមុននេះ អតីតប្រធានាធិបតីស្តាំនិយមប្រេស៊ីល លោក Jair Bolsonaro បានបញ្ជាក់យ៉ាងច្បាស់កាលពីថ្ងៃសុក្រ (ទី១៨ ខែកក្កដា) ថា ភាពអាម៉ាស់នៃការរឹតបន្តឹងដែលបង្គាប់ដោយតុលាការ នឹងមិនរារាំងតួនាទីរបស់លោក នៅក្នុងឆាកនយោបាយពិភពលោកនោះទេ។

នៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន Reuters នៅឯការិយាល័យគណបក្សរបស់លោក ដែលត្រូវបានឆ្មក់ចូលនាពេលព្រឹកព្រលឹម នៅក្នុងការបង្ក្រាបចុងក្រោយពីតុលាការកំពូល លោក Bolsonaro បានបង្ហាញពីខ្លួនលោកថា ជាបុគ្គល ដែលអាចបើកឲ្យមានការចរចាឡើងវិញ ពាក់ព័ន្ធនឹងពន្ធរបស់សហរដ្ឋអាមេរិក ទប់ស្កាត់ឥទ្ធិពលរបស់ចិន និងយកជ័យជម្នះលើក្រុមឆ្វេងនិយម នៅក្នុងប្រទេសប្រេស៊ីល។
ដោយសំដៅទៅលើការបោះឆ្នោតឆ្នាំ២០២៦ ដែលប្រធានាធិបតីលោ Luiz Inacio Lula da Silva (លោក Lula) គ្រោងនឹងស្វែងរកអាណត្តិទី៤ នោះ លោកបានសង្កត់ធ្ងន់ថា៖ «ពួកគេចង់ឲ្យខ្ញុំចេញពីល្បែងនយោបាយ នៅឆ្នាំក្រោយ។ បើគ្មានខ្ញុំ នៅក្នុងការប្រកួតប្រជែងទេ លោក Lula អាចដណ្ដើមបានជ័យជម្នះ»។
សូម្បីតែបន្ទាប់ពីតុលាការកំពូលរបស់ប្រេស៊ីល បានរារាំងលោក កាលពីថ្ងៃទី១៨ ខែកក្កដា មិនឲ្យមានការទាក់ទងជាមួយមន្ត្រីបរទេសក៏ដោយ ក៏អតីតប្រធានាធិបតី បានទទូចថា លោកចង់ជួបជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានប្រកាសយកពន្ធ ៥០ភាគរយលើទំនិញប្រេស៊ីល កាលពីសប្តាហ៍មុន និងទាមទារឲ្យបញ្ចប់ការកាត់ក្តីលើលោក Bolsonaro ពាក់ព័ន្ធនឹងបទចោទព្យាយាមបំផ្លាញលទ្ធផលការបោះឆ្នោតលើកចុងក្រោយ។
ទោះបីជាសម្ព័ន្ធមិត្តមួយចំនួន បារម្ភថា យុទ្ធសាស្ត្ររបស់លោក Trump កំពុងផ្ដល់ផលអវិជ្ជមាន ដោយយកលោក Bolsonaro ទៅភ្ជាប់ជាមួយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងធ្វើឲ្យលោក Lula ទទួលបានគាំទ្រច្រើនឡើងក៏ដោយ ក៏អតីតប្រធានាធិបតីនៅតែគាំទ្រសម្ព័ន្ធមិត្តរបស់លោក ដែលជាចៅហ្វាយសេតវិមាន៕

