អ្នកពន្លត់អគ្គិភ័យជិត ១.០០០នាក់ រួមជាមួយឧទ្ធម្ភាគចក្រ បានប្រយុទ្ធនឹងចំហេះព្រៃទំហំប្រហែល ៤០ គីឡូម៉ែត្រ នៅភាគពាយព្យនៃទីក្រុងធំទី២ របស់ប្រទេសបារាំង គឺ Marseille កាលពីថ្ងៃសុក្រ (ទី១៨ ខែកក្កដា) ប៉ុន្តែក្រុមមន្ត្រីបាននិយាយថា សីតុណ្ហភាពចុះត្រជាក់ និងសំណើមច្រើន បានជួយឲ្យស្ថានភាពប្រសើរឡើង។

ចំហេះព្រៃទំហំ ២៤០ហិចតា បានឆាបឆេះមួយសប្តាហ៍មកហើយ បន្ទាប់ពីអគ្គិភ័យដាច់ដោយឡែកពីគ្នាបានរាលដាលទៅដល់ជាយក្រុង Marseille នៅភាគពាយ័ព្យ ដោយបង្ខំឲ្យមានការជម្លៀសមនុស្ស ឬការស្នាក់នៅតែក្នុងផ្ទះ និងបិទអាកាសយានដ្ឋានក្នុងតំបន់ជាបណ្តោះអាសន្ន។
លោក Pierre Bepoix វរសេនីយ៍ឯកនៃក្រុមប្រតិបត្តិការជួយសង្គ្រោះ និងជានាយករងនៃក្រុមពន្លត់អគ្គិភ័យ ក្នុងតំបន់ បាននិយាយថា មនុស្ស ១៥០នាក់ត្រូវបានជម្លៀសចេញ ប៉ុន្តែអ្នកពន្លត់អគ្គិភ័យអាចជួយការពារផ្ទះ ១៥០ខ្នង និងផ្នែកខ្លះនៃព្រៃឈើក្នុងតំបន់។
លោក Bepoix បានប្រាប់សារព័ត៌មាន Reuters ថា៖ «នេះគឺជាអគ្គិភ័យដែលបានឆាបឆេះកាត់ផ្ទៃដីព្រៃក្រាស់ ដែលធ្វើឲ្យការងាររបស់យើងមានភាពស្មុគស្មាញជាពិសេស។ ជាក់ស្តែង អាទិភាពត្រូវបានផ្ដោតលើការអភិរក្ស និងការការពារផ្ទះសម្បែងទាំងនេះ និងអាយុជីវិតដែលអាចមាននៅក្នុងអគារទាំងនេះ»។
មន្ត្រីក្នុងតំបន់បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផ្ទះចំនួន ១២០ខ្នង ត្រូវបានគំរាមកំហែងដោយអគ្គិភ័យ ដោយបានបន្ថែមថា វាមិនទាន់អាចកំណត់ការខូចខាតដែលអាចមាន ចំពោះលំនៅឋានទាំងនោះបានទេ ហើយបញ្ជាក់ថា អ្នកពន្លត់អគ្គិភ័យ ២នាក់បានរងរបួស៕

