ប្រភពពីក្រសួងការបរទេសទួរគី នៅថ្ងៃសៅរ៍ (ទី១៩ ខែកក្កដា) នេះ បានប្រាប់ឲ្យដឹងថា អំឡុងការជជែកតាមទូរសព្ទ រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan បានប្រាប់សមភាគីអាមេរិក លោក Marco Rubio ថា ជម្លោះនៅក្នុងប្រទេសស៊ីរី ចាំបាច់ត្រូវបញ្ចប់ជាបន្ទាន់។

ប្រភពបានបញ្ជាក់ថា លោក Fidan បាននិយាយថា លោកគាំទ្រតួនាទីប្រកបដោយការស្ថាបនាដែលសហរដ្ឋអាមេរិកកំពុងមាននៅក្នុងប្រទេសស៊ីរី ហើយប្រទេសទួរគីបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីសម្រេចបានការបញ្ចប់ជម្លោះយូរអង្វែង។
ប្រភពបានបន្ថែមថា៖ «លោក Fidan បាននិយាយថា អន្តរាគមន៍របស់អ៊ីស្រាអែល ក្នុងដែនដីស៊ីរី នាំឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរឡើងៗ ហើយការវាយប្រហារណាមួយលើបូរណភាពទឹកដី ឯកភាពជាតិ និងអធិបតេយ្យភាពរបស់ប្រទេសស៊ីរី ក៏ធ្វើឲ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងសន្តិភាព ក្នុងតំបន់ផងដែរ»។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ បេសកជនអាមេរិកប្រចាំប្រទេសទួរគី បានប្រាប់ថា អ៊ីស្រាអែល និងស៊ីរី បានយល់ព្រមលើបទឈប់បាញ់មួយ បន្ទាប់ពីមានការប្រយុទ្ធបង្ហូរឈាមជាច្រើនថ្ងៃ នៅក្នុងតំបន់ភាគច្រើនមានជនជាតិភាគតិច Druze រស់នៅ ជាជម្លោះដែលបានឆក់យកជិវិតមនុស្សជាង ៣០០នាក់៕

