នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba ត្រូវប្រឈមជាមួយការលំបាកដ៏ធំក្រៃលែង នៅក្នុងការបោះឆ្នោតសភាជាន់ខ្ពស់ នាថ្ងៃអាទិត្យ (ទី២០ ខែកក្កដា) ហើយការបរាជ័យ អាចធ្វើឲ្យអស្ថិរភាពនយោបាយកាន់តែអាក្រក់ទៅៗ ស្របពេលមានបញ្ហាប្រឈមនានាដ៏គួរឲ្យបារម្ភ ដូចជាទំនិញឡើងថ្លៃ និងបញ្ហាពន្ធខ្ពស់របស់សហរដ្ឋអាមេរិកជាដើម។

ការមិនទទួលបានលទ្ធផលល្អ នឹងមិននាំឲ្យមានការផ្លាស់ប្តូររដ្ឋាភិបាលភ្លាមៗនោះទេ ប៉ុន្តែវានឹងធ្វើឲ្យមានភាពមិនប្រាកដប្រជា ចំពោះជោគវាសនារបស់លោក និងអនាគតរបស់ប្រទេសជប៉ុន។ គណបក្សកំពុងកាន់អំណាច គឺបក្សប្រជាធិបតេយ្យសេរី (LDP) បានរងបរាជ័យយ៉ាងអាម៉ាស់នៅក្នុងការបោះឆ្នោតសភាជាន់ទាប កាលពីខែតុលាឆ្នាំមុន ខណៈដែលអ្នកគាំទ្ររបស់បក្ស បានបង្ហាញការមិនសប្បាយចិត្ត ចំពោះរឿងអាស្រូវពុករលួយកន្លងមក និងការឡើងថ្លៃទំនិញ។

លោក Ishiba កំពុងជួបការលំបាក ក្នុងការទទួលបានទំនុកចិត្តពីអ្នកបោះឆ្នោតវិញ។ ចាប់តាំងពីរដ្ឋាភិបាលមានសំឡេងភាគតិច ក្រុមរបស់លោកត្រូវបង្ខំចិត្តធ្វើសម្បទានដល់គណបក្សប្រឆាំង ដើម្បីបង្កើតច្បាប់តាមរយៈ Diet (ស្ថាប័ននីតិប្បញ្ញត្តិ) ឬសភា។ ការធ្វើបែបនោះបានរារាំងសមត្ថភាពរបស់រដ្ឋាភិបាល ក្នុងការដាក់ចេញនូវវិធានការប្រកបដោយប្រសិទ្ធភាពយ៉ាងឆាប់រហ័ស ដើម្បីទប់ស្កាត់ការឡើងថ្លៃ និងការដំឡើងប្រាក់ឈ្នួល។
បន្ថែមពីលើកង្វះខាតនានា និងការឡើងថ្លៃអង្ករ ដែលជាអាហារចម្បងបែបប្រពៃណី លោក Ishiba ត្រូវបានជួបនឹងភាពស្មុគស្មាញដោយសារអត្រាពន្ធរបស់ប្រធានាធិបតីងាមេរិក លោក Donald Trump។ អ្នកបោះឆ្នោតដែលពេញដោយភាពខកចិត្ត កំពុងងាកទៅគាំទ្រគណបក្សប្រជានិយមដែលកំពុងឡើងប្រជាប្រិយភាពយ៉ាងឆាប់រហ័ស ក្នុងនោះរួមទាំងគណបក្សដែលកំពុងលើកកម្ពស់គោលនយោបាយប្រឆាំងបរទេស និងប្រែក្រឡាស់ការប្រឆាំងសមភាពយេនឌ័រ និងពិពិធកម្ម។
មិនថា លោក Ishiba ឈ្នះ ឬចាញ់ ក៏អស្ថិរភាពនយោបាយមានរួចហើយ ខណៈរូបលោកបានកំណត់គោលដៅទាប នៅក្នុងការបោះឆ្នោតនេះ។ ពាក់កណ្តាលនៃអាសនៈចំនួន ២៤៨កៅអី សម្រាប់អាណត្តិរយៈពេល ៦ឆ្នាំ នៅក្នុងសភាជាន់ខ្ពស់ កំពុងត្រូវបានសម្រេច ហើយបក្ស LDP និងដៃគូសម្ព័ន្ធយុវជនរបស់ខ្លួន គឺបក្ស Komeito នឹងត្រូវការឈ្នះអាសនៈរួមបញ្ចូលគ្នា ៥០កៅអី៕