ស្វាយរៀង ៖ មន្ត្រីក្រសួងធម្មការនិងសាសនា ឯកឧត្តម ជួន កក្កដា អនុរដ្ឋលេខាធិការក្រសួង បានណែនាំដល់យុវជន ត្រូវធ្វើអំពើល្អ តាមរយះខិតខំសិក្សារៀនសូត្រ បង្កើនសមត្ថភាព ស្តាប់អម្បូមានលោកគ្រូ អ្នក គ្រូ មាតា បិតា អាណាព្យាបាល ដើម្បីក្លាយខ្លួន កូនល្អ សិស្សល្អ និងពលរដ្ឋល្អ បន្តការពារនិងអភិវឌ្ឍន៍ប្រទេសជាតិពីបច្ចុប្បន្ននឹងទៅអនាគត ។
ការថ្លែងនិងមានប្រសាសន៍លើកឡើងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងបែបនេះ បានធ្វើឡើងក្នុងឱកាសឯកឧត្តមអញ្ជើញចូលរួមក្នុងកម្មវិធីអប់រំសីលធម៌តាមបែបព្រះពុទ្ធសាសនាផ្សារភ្ជាប់និងសង្គមលើកទី១១ របស់កម្មវិធីសប្បុរសធម៌ដើម្បីអប់រំនៃកម្ពុជាហៅកាត់ (ស.អ.ក) នៅស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុករមាសហែក ខេត្តស្វាយរៀង រសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សាម៉ន បណ្ឌិត រដ្ឋលេខាធិការ នៃលេខាធិការដ្ឋានអាកាសចរស៊ីវិល ព្រះសង្ឃ មន្ត្រីរាជការលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សវិទ្យាល័យរមាសហែក និងវិទ្យាល័យជ្រៃធំ ប្រមាណជាង៧០០នាក់។
ឯកឧត្តមបានបន្តថាទន្ទឹមនិងធ្វើអំពើល្អ យុវជនដែលជាទំពាំងស្នងឬស្សី ត្រូវ ស្តាប់ពីការណែនាំរបស់រាជរដ្ឋាភិបាល សិក្សាពីច្បាប់ជាតិ វប្បធម៏ប្រពៃណីជាតិនិងសង្គមគោរពច្បាប់ជាតិ ពិសេសបំផុតនោះគឺបញ្ជៀសពីការប្រើប្រាស់គ្រឿងញៀនដែលច្បាប់បានហាមឃាត់ ។
ជាមួយគ្នានោះដែរឯកឧត្តមសាម៉ន បណ្ឌិត រដ្ឋលេខាធិការ នៃលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលក៏បានសម្ដែងអបអរសាទរចំពោះមន្ត្រីសង្ឃ លោក លោកស្រី និងសប្បុរស នៅក្នុងខេត្តស្វាយរៀង ដែលបានរៀបចំផ្សព្វផ្សាយអប់រំសីលធម៌តាមបែបព្រះពុទ្ធសាសនាផ្សារភ្ជាប់និងសង្គម ជូនដល់យុវជន នៅក្នុងខេត្តគឺជាការរួមចំណែកយ៉ាងធំធេងជាមួយនឹងរាជរដ្ឋាភិបាលក្នុងវិស័យអប់រំ ដែលជាគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សដើម្បីបន្តការពារនិងអភិវឌ្ឍន៍ជាតិនាពេលអនាគត។
ឯកឧត្តមបានបញ្ជាក់ថាការអប់រំសីលធម៌តាមបែបព្រះពុទ្ធសាសនា នៅក្នុងសង្គមខ្មែរ មានតាំងពីមុនការរីកចម្រើនលើវិស័យអប់រំមកម្ល៉េះ ហើយការអប់រំសីលធម៌ តាមបែបព្រះពុទ្ធសាសនាមិនប្រកាន់ វ័យរបស់មនុស្សគ្រប់រូបនិងពេលវេលា សំខាន់ឲ្យតែអ្នកស្ម័គ្រចិត្តទៅចូលរួមស្ដាប់ទទួលយកការទូន្មានពីវាគ្មិនឬព្រឹទ្ធាចារ្យ ហើយយកទៅអនុវត្តទៅតាមការណែនាំនិងទទួលបានផលទៅតាមការដែលអ្នកបានយកទៅប្រព្រឹត្ត។ ដោយ ៖ ភា សារិទ្ធ




