ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា ឯកឧត្ដម ប្រាក់ សុខុន បានលើកឡើងថា អ្នករិះគន់ដំណើរទស្សនកិច្ចរបស់ប្រតិភូជាន់ខ្ពស់កម្ពុជាទៅកាន់ប្រទេសមីយ៉ាន់ម៉ា គឺជាអ្នកស្រឡាញ់ការបង្ហូរឈាម ឬសង្គ្រាម។
រដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្ដម ប្រាក់ សុខុន បានបញ្ជាក់បែបនេះនៅក្នុងសន្និសីទសារព័ត៌មាននៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅថ្ងៃនេះ នៅក្រោយការបញ្ចប់ដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅប្រទេសមីយ៉ាន់ម៉ា។
ប្រមុខការទូតកម្ពុជា បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន បានទម្លុះទម្លាយភាពទាល់ច្រកមួយចំនួនជុំវិញបញ្ហារបស់ប្រទេសមីយ៉ាន់ម៉ា ដែលជាមូលដ្ឋានឈានទៅរកដំណោះស្រាយសម្រាប់បញ្ចប់អំពើហិង្សានៅក្នុងប្រទេសជាសមាជិកអាស៊ានមួយនេះ។
ឆ្លើយតបនឹងមតិរិះគន់មួយចំនួនជុំវិញដំណើរទស្សនកិច្ចនេះ ឯកឧត្ដម ប្រាក់ សុខុន លើកឡើងថា ក្រុមអ្នករិះគន់ដំណើរទស្សនកិច្ចនេះ ប្រហែលជាអ្នកស្រឡាញ់ការបង្ហូរឈាម ឬសង្គ្រាម។
ក្រុមយោធាមីយ៉ាន់ម៉ា បានគ្រប់គ្រងប្រទេសមួយនេះចាប់តាំងពីដើមខែកុម្ភៈឆ្នាំមុន ក្រោយរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលដឹកនាំដោយអ្នកស្រី អ៊ុងសាន ស៊ូជី ដែលបានឈ្នះការបោះឆ្នោត៕





