ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ការជួបជុំគ្នា នៃមហាគ្រួសារខ្មែរ ជាលើកទី២ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ បន្ទាប់ពីការជួបជុំគ្នាលើកទី១ ក្នុងកម្មវិធី Solidarity March កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ គឺដើម្បីបង្ហាញពីកម្លាំងសាមគ្គីជាតិ និងគាំទ្រដល់កងទ័ពជួបមុខដែលបានលះបង់ទាំងយប់ទាំងថ្ងៃការពារដែនដីកម្ពុជាពីចោរឈ្លានពាន ខណៈបច្ចុប្បន្នពលរដ្ឋខ្មែរជិត៥ពាន់នាក់ហើយបានជម្លៀសចេញពីតំបន់មានវិវាទមកកាន់តំបន់សុវត្ថិភាពក្នុងខេត្តព្រះវិហារ ដែលនេះបញ្ជាក់យ៉ាងច្បាស់ពីលទ្ធផលនៃការឈ្លានពានរបស់ថៃមកលើដែនដីកម្ពុជា។

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងបញ្ជាក់បែបនេះ ក្នុងកម្មវិធី «តស់! យើងទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ» និង «ការប្រកួតកីឡាបាល់ទាត់កៀរគរមូលនិធិគាំទ្រវីរកងទ័ពជួរមុខ» នៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ។
ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងថ្លែងអំណរគុណដល់កងទ័ពជួរមុខដែរលះបង់អស់កម្លាំងកាយចិត្តប្ដេជ្ញាការពារឱ្យខានតែបាននូវបូរណភាពដែនដី និងអធិបតេយ្យជាតិកម្ពុជា។ ឯកឧត្តមក៏បង្ហាញនូវក្ដីរំភើបដែលបានឃើញប្រជាជាតិកម្ពុជាសាមគ្គីរួបរួមគ្នាជាធ្លុងមួយ ដោយមិនព្រងើយកន្ដើយជាមួយការគំរាមកំហែងណាមួយឡើយ។

ឯកឧត្តមបានមានប្រសាសន៍ថា «ការជួបជុំនៅថ្ងៃនេះ និងសម្លេងគាំទ្រក្នុងព្រឹត្តិការណ៍ដើររួមគ្នា Solidarity March កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ បានបង្ហាញនូវស្មារតីគាំទ្រយ៉ាងពេញទំហំពីខឿនការពារជាតិប្រជាជនទៅកាន់កងទ័ពដែលកំពុងឈរជើងនៅតាមបណ្ដោយព្រំដែនការពារបូរណភាពដែនដី និងអធិបតេយ្យភាពនៃកម្ពុជា។ ខឿនការពារជាតិប្រជាជននេះនឹងនៅតែបន្ដ ដរាបណាការគំរាមកំហែងនៅតែមាន»។
ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី ក៏ដូចជាប្រជាពលរដ្ឋជាមហាគ្រួសារខ្មែរទាំងមូលមានជំនឿទុកចិត្ត និងគាំទ្រលើការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើការគ្រប់គ្រងស្ថានការណ៍ជាមួយភាគីថៃ ទាំងលើការដ្ឋានការទូត ការដ្ឋានច្បាប់ និងការដ្ឋានយោធាក្នុងការការពារទឹកដីខ្មែរ។ ជាមួយគ្នានេះដែរក្នុងនាមប្រជាពលរដ្ឋខ្មែរ ឯកឧត្តម បានថ្លែងអំណរគុណ និងកោតសរសើរដល់ទឹកចិត្តមុះមុតកា្លហាន លះបង់ការពារបូរណភាពទឹកដី ដាច់ខាតមិនឱ្យខ្មាំងសត្រូវឈ្លានពានបានដោយងាយនោះទេ៕








