ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រំជួលចិត្តចំពោះស្មារតីស្រឡាញ់ជាតិរបស់កូនខ្មែររហូតស្រក់ទឹកភ្នែកនៅក្នុងកម្មវិធី «តស់! យើងទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ» នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក, ឯកឧត្តមបានបញ្ជាក់ថា ទឹកភ្នែករបស់ឯកឧត្តមនាពេលនេះព្រោះមនោសញ្ចេតនាស្រឡាញ់ប្រជាជាតិ មិនមែនជាទឹកភ្នែកព្រោះទន់ជ្រាយនោះទេ។
ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងបញ្ជាក់ថា ឯកឧត្តម ពិតជាមានមោទនភាពដែលបានកើតជាកូនខ្មែរ ដែលបានឃើញពីសាមគ្គីភាព សំឡេង ឆន្ទៈ និងទឹកចិត្តរបស់កូនខ្មែរ។ ឯកឧត្តមបានថ្លែងអំណរគុណដល់បងប្អូនទាំងអស់គ្នាដែលបានមកជួបជុំគ្នានៅក្នុង កម្មវិធី «តស់! យើងទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ» និង «ការប្រកួតកីឡាបាល់ទាត់កៀរគរមូលនិធិគាំទ្រវីរកងទ័ពជួរមុខ» នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ឯកឧត្តមបានបញ្ជាក់ថា យើងបានបង្ហាញសំឡេងដ៏ខ្លាំងក្លា និងឮកងរំពង ដែលសរបញ្ជាក់ឱ្យឃើញថា កូនខ្មែរគ្រប់រូបនឹងមិននៅស្ងៀមនោះទេ។
ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងបញ្ជាក់ខ្លាំងៗថា ដរាបណានៅតែមានការប៉ុនប៉ងឈ្លានពាន និងគំរាមកំហែង មកលើសុខសន្តិភាពដែលកម្ពុជាកំពុងមាន ខឿនការពារជាតិប្រជាជនត្រូវតែបន្ដ ដរាបណាការគំរាមកំហែងមិនទាន់រលាយសាបសូន្យ៕




