អ៊ុយក្រែន បានស្នើឲ្យមានការចរចាសន្តិភាពជុំថ្មីជាមួយរុស្ស៊ីនៅសប្តាហ៍ក្រោយ បន្ទាប់ពីការចរចាបានជាប់គាំងកាលពីខែមុន។
លោកប្រធានាធិបតី Volodymyr Zelenskyy បានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា លេខាធិការក្រុមប្រឹក្សាការពារជាតិ លោក Rustem Umerov បានផ្តល់សំណើនៃកិច្ចប្រជុំជាមួយក្រុមអ្នកចរចារុស្ស៊ីសម្រាប់សប្តាហ៍ក្រោយ។
លោក Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាពេលល្ងាចរបស់លោកទៅកាន់ប្រទេសជាតិថា អ្វីគ្រប់យ៉ាងគួរតែត្រូវបានធ្វើដើម្បីសម្រេចបានបទឈប់បាញ់។ ភាគីរុស្ស៊ីគួរតែឈប់លាក់បាំងពីការសម្រេចចិត្តទាំងឡាយ។
មេដឹកនាំអ៊ុយក្រែនរូបនេះ ក៏បានបញ្ជាក់ជាថ្មីអំពីការត្រៀមខ្លួនជាស្រេចក្នុងការអង្គុយទល់មុខជាមួយលោកប្រធានាធិបតីរុស្ស៊ី Putin ផងដែរ ។ លោកបានថ្លែងថាការជួបប្រជុំកម្រិតថ្នាក់មេដឹកនាំ គឺត្រូវការជាចាំបាច់ដើម្បីធានាសន្តិភាពពិតប្រាកដ និងយូអង្វែង។
យ៉ាងណាក៏ដោយនៅពុំទាន់មានការឆ្លើយតបភ្លាមៗពីរុស្ស៊ីនៅឡើយទេ។
គួររម្លឹកថា នៅក្នុងជំនួបចរចាសន្តិភាពជុំមុនៗ រុស្ស៊ីបានគូសបញ្ជាក់ពីបញ្ជីនៃការទាមទារដ៏រឹងត្អឹង ដែលមិនអាចទទួលយកបានសម្រាប់អ៊ុយក្រែន ដោយអំពាវនាវឱ្យប្រទេសនេះប្រគល់តំបន់អ៊ុយក្រែនចំនួនបួនដែលរុស្ស៊ី អះអាងថាជារបស់ខ្លួន និងបដិសេធការគាំទ្រផ្នែកយោធារបស់លោកខាងលិច៕


