ស្របពេលការផ្តល់មូលនិធិរាប់រយលានដុល្លារត្រូវបានលុបចោលចាប់តាំងពីខែមករាមក កម្មករបានទម្លាក់ប៉ែលរបស់ពួកគេចុះ លែងធ្វើការតទៅទៀត ហើយទីតាំងងផ្គត់ផ្គង់ជំនួយលែងមានមនុស្សការពារទៀតដែរ នេះបើយោងតាមបទសម្ភាសន៍ជាមួយក្រុមមន្ត្រីអាមេរិក និងមូលដ្ឋាន និងឯកសារផ្ទៃក្នុងដែលសារព័ត៌មាន Reuters ទទួលបាន ។
ទីភ្នាក់ងារព័ត៌មាន Reuters បានរកឃើញថា ការសម្រេចចិត្តរបស់រដ្ឋបាលលោក Trump ក្នុងការកាត់ ជំនួយបរទេសស្ទើរតែទាំងអស់របស់សហរដ្ឋអាមេរិក បានធ្វើឱ្យគម្រោងទឹក និងអនាម័យរាប់សិបត្រូវបានបញ្ចប់ទាំងពាក់កណ្ដាលទីនៅទូទាំងពិភពលោក ដោយបង្កើតនូវគ្រោះថ្នាក់ថ្មីសម្រាប់មនុស្សមួយចំនួន ដែលពួកគេត្រូវពឹងផ្អែក។
ទីភ្នាក់ងារព័ត៌មាន Reuters បានកំណត់អត្តសញ្ញាណគម្រោងមិនទាន់បញ្ចប់រួចរាល់ចំនួន ២១ នៅក្នុងប្រទេសចំនួន១៦ បន្ទាប់ពីបាននិយាយទៅកាន់ប្រភពចំនួន ១៧ ដែលដឹងពីផែនការហេដ្ឋារចនាសម្ព័ន្ធនេះ ។ គម្រោងទាំងនេះភាគច្រើនមិនត្រូវបានគេរាយការណ៍ពីមុនទេ។
យោងតាមមន្ត្រីអាមេរិកពីររូប ដែលបាននិយាយសុំមិនបញ្ចេញឈ្មោះ ប៉មទឹកនានា ដែលមានគោលបំណងបម្រើដល់សាលារៀន និងគ្លីនិកសុខភាពក្នុងប្រទេសម៉ាលីត្រូវបានបោះបង់ចោល។
នៅនេប៉ាល់ ការសាងសង់ត្រូវបានផ្អាកនៅលើប្រព័ន្ធទឹកស្អាតជាង១០០។ យោងតាមរដ្ឋមន្ត្រីក្រសួងធនធានទឹករបស់ប្រទេសនេះ លោក Pradeep Yadav បាននិយាយថា ប្រទេសនៅតំបន់ភ្នំហិម៉ាឡៃ មួយនេះ នឹងប្រើប្រាស់ថវិកាផ្ទាល់ខ្លួនដើម្បីបញ្ចប់ការងារនេះ៕


