នគរបាលបានធ្វើអន្តរាគមន៍ បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងបាតុករប្រឆាំងជនអន្តោប្រវេសន៍ និងក្រុមអ្នកតវ៉ាមួយផ្សេងទៀត ដែលបានស្រែកពាក្យស្លោកប្រឆាំងរបបហ្វាស៊ីស ក្នុងអំឡុងពេលការតវ៉ា "បញ្ឈប់ការធ្វើអន្តោប្រវេសន៍" កាលពីថ្ងៃសៅរ៍នៅទីក្រុងវ៉ាសូវី (Warsaw) និងទីក្រុងផ្សេងទៀតរបស់ប៉ូឡូញ។

បាតុកម្មប្រឆាំងជនអន្តោប្រវេសន៍ រៀបចំឡើងដោយក្រុមមានសម្ព័ន្ធភាពជាមួយសហព័ន្ធគណបក្សនយោបាយស្តាំនិយមបានធ្វើឡើងនៅក្នុងទីក្រុងចំនួន ៨០ នៅទូទាំងប្រទេសប៉ូឡូញ រួមទាំងរដ្ឋធានី វ៉ាសូវី ទីក្រុង Krakow, Wroclaw, Lodz, Poznan, Gdansk, Lublin, Bialystok និងទីក្រុង Torun ។
អ្នករៀបចំកម្មវិធីបានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ប្រទេសប៉ូឡូញកំពុងគ្មានការការពារប្រឆាំងនឹងរលកនៃអន្តោប្រវេសន៍ដែលកំពុងកើនឡើងកាន់តែខ្លាំង ។
ពួកគេបានបន្តថា យើងមិនចង់ឲ្យប៉ូឡូញចែករំលែកជោគវាសនារបស់អឺរ៉ុបខាងលិចទេ ។រដ្ឋនេះកំពុងបរាជ័យ ដូច្នេះពលរដ្ឋកំពុងចាត់វិធានការ។
ប្រជាជនសាមញ្ញមកពីគ្រប់ទិសទីនៃប្រទេសនេះ បានបោះជំហានឡើងជាមួយនឹងសារនិងការលើកទឹកចិត្តយ៉ាងច្បាស់ថា យើងចង់រស់នៅក្នុងសុវត្ថិភាព។
ចាប់តាំងពីឆ្នាំ២០២១ មក ប្រទេសប៉ូឡូញ បានប្រឈមនឹងការកើនឡើងនៃការធ្វើអន្តោប្រវេសន៍លើព្រំដែនភាគខាងកើតរបស់ខ្លួន ដែលទីក្រុង វ៉ាសូវី និងរដ្ឋផ្សេងទៀត និយាយថាកំពុងត្រូវបានបង្កើតឡើងដោយបេឡារុស ដើម្បីរុញជនអន្តោប្រវេសន៍រាប់ម៉ឺននាក់ ភាគច្រើនមកពីមជ្ឈិមបូព៌ា អាស៊ី និងអាហ្វ្រិក មកកាន់ទឹកដីអឺរ៉ុប៕
